ឃុំខ្លួន​ស្ត្រី​ម្នា​ក់រឿង​លក់​កូនស្រី​បង្កើត ​៣​នាក់​ទៅ​ចិន
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 24 October, 2018 ក+ ក-

​ខេត្ត​ក្រចេះ ៖ ស្ដ្រី​ចំណាស់​ម្នាក់ ត្រូវបាន​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្ដ​ក្រចេះ ចេញ​ដីកាឃុំខ្លួន​នៅ​ថ្ងៃទី​២៣ ខែតុលា នេះ ពីបទ​ជួញដូរ​មនុស្ស​ឆ្លងដែន បន្ទាប់ពី​សមត្ថកិច្ច​ចាប់ខ្លួន​តាម​បណ្ដឹង​ពី​ឪពុកម្ដាយ​នារី​រងគ្រោះ​រស់នៅ​ភូមិ​ថ្នល់ ឃុំ​ស្វាយ​ជ្រះ ស្រុក​ស្នួល ដែល​ត្រូវ​ជនសង្ស័យ​ក្លែង​ឯកសារ​នាំយក​កូនស្រី​ពួកគាត់​ទៅ​លក់​នៅ​ប្រទេស​ចិន​។

​លោកស្រី នៅ រតនា ស្នងការរង​ទទួលបន្ទុក​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​ខេត្ដ​ក្រចេះ បាន​ប្រាប់ថា ស្រី្ត​ជា​ជនសង្ស័យ​ខាងលើ ឈ្មោះ ឌី ចាន់​ធី អាយុ​៥៦​ឆ្នាំ មាន​ទីលំនៅ​មិន​ពិតប្រាកដ ត្រូវបាន​សមត្ថកិច្ច​ខេត្តក្រចេះ តាម​ចាប់ខ្លួនបាន​នៅ​ខេ​ត​រតនគិរី​កាលពី​ថ្ងៃទី​១៨ ខែតុលា ។ ស្ត្រី​រូបនេះ ធ្លាប់បាន​រកស៊ី​រត់ពន្ធ​មនុស្ស​ឆ្លងដែន​ឲ្យ​ទៅយក​ប្តី​នៅ​ចិន រួមទាំង​កូនស្រី​ខ្លួនឯង ៣​នាក់​ផងដែរ ហើយក៏​ធ្លាប់​ឱ្យ​កូន​រកស៊ី​ផ្លូវភេទ​តាំងពី​អាយុ​១៤​ឆ្នាំ​ផងដែរ នៅ​ខេត្តបាត់ដំបង​។​

​បើតាម លោកស្រី រតនា ក្រៅពី​បញ្ឆោត​កូន​ខ្លួនឯង​៣​នាក់​ឲ្យ​រកស៊ី​ផ្លូវភេទ​និង​នាំយកទៅ​លក់​នៅ​ប្រទេស​ចិន ជនសង្ស័យ​បាន​បោក​ស្រី​៣​នាក់​ផ្សេងទៀត​នៅ​ស្រុក​ស្នួល ខេត្ដ​ក្រចេះ ក្នុង​រូបភាព​ទៅយក​ប្តី​នៅ​ចិន​។​

​លោកស្រី នៅ រតនា ស្នងការរង​ខេត្តក្រចេះ​បាន​បញ្ជាក់ថា ចំពោះ​ករណី​នារី​៣​នាក់​ផ្សេងទៀត​កំពុង នៅ​ប្រទេស​ចិន ដែល​ត្រូ​ឪពុកម្ដាយ​ប្ដឹង​ឱ្យជួយ​ដែរនោះ នៅ​មិនទាន់បាន​ត្រឡប់មកវិញ​ទេ ខណៈ​សមត្ថកិច្ច និង​អង្គការ​សង្គម​ស៊ីវិល​កំពុង​សហការ​ជាមួយ​ស្ថានទូត ដើម្បី​ជួយ​ពួកគេ​។​

​លោកស្រី​ស្នងការ​បន្តថា​៖«​យើង​ព្យាយាម​សួរ​គាត់​ពី​ចំនួន​មនុស្ស ដែល​គាត់​នាំយកទៅ​លក់ តែ​គាត់​ព្យាយាម​មិន​ឆ្លើយ​និង​បដិសេធ​សំណួរ​របស់​យើង​។ យើង​គ្រាន់តែ​ដឹងថា​ក្រៅពី​កូនស្រី​គាត់​៣​នាក់​ដែល​ចូលមក​បំភ្លឺ​ដល់​សមត្ថកិច្ច​…​គឺមាន​អាណាព្យាបាល​ជនរងគ្រោះ​៣​នាក់​ទៀត​បាន​ប្ដឹង​ជនសង្ស័យ​ពី​ករណី​នាំ​កូន​គាត់​ទៅ​លក់​នៅ​ប្រទេស​ចិន​នេះដែរ​»​។

​ដោយ​ផ្អែកលើ​ចម្លើយ​ក្មេងស្រី​រងគ្រោះ​នៅ​ស្នងការដ្ឋាន​ខេត្ត លោកស្រី​ស្នងការរង​បានឱ្យ​បញ្ជាក់ដែរថា ស្ត្រី​សង្ស័យ​រូបនេះ​ធ្លាប់បាន​លក់​ព្រហ្មចារី កូនស្រី​បង្កើត​ម្នាក់​ឈ្មោះ ស​.​ន អាយុ ១៤​ឆ្នាំ ទៅ​ខេត្តបាត់ដំបង​ឲ្យ​បម្រើ​សេវាកម្ម​ផ្លូវភេទ​។

ក្រោយ​លក់​ព្រហ្មចារី​កូនស្រី​បាន​មួយរយៈ​ស្ត្រី​រូបនេះ​បាន​នាំ​នាង​ទៅ​បម្រើ​នៅ​បន​ស្រី​នៅ​កន្លែង​ផ្សេងទៀត​ក្នុងស្រុក​សំពៅ​លូន ខេត្តបាត់ដំបង ដោយ​រូបគាត់​ជា​អ្នក​ហៅ​ម៉ូយ​និង​ជា​អ្នកយក​លុយ​ដោយ​ខ្លួន​ផ្ទាល់ ហើយ​ក្នុង​មួយថ្ងៃៗ​ឲ្យ​កូនស្រី​កំដរ​ភ្ញៀវ​រួមភេទ​ចាប់ពី​៥-៦​នាក់​៕