ភ្នំពេញ ៖ ហ្វេសប៊ុករបស់លោក មុត ចន្ថា បានសរសេរថា លោក ជាម ចន្នី អតីតតំណាងរាស្ត្រ អតីតគណបក្សសង្គ្រោះជាតិ មណ្ឌលខេត្តកំពង់ចាម បានទទួលមរណភាពហើយ នៅរសៀល ថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០១៨ នៅគេហដ្ឋានរបស់លោក ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ដោយជំងឺ ដុំសាច់ក្នុងខួរក្បាល។
លោក អ៊ូ ច័ន្ទរ័ត្ន អតីតតំណាងរាស្ត្រ អតីត CNRP បានថ្លែងថា តាមការផ្សព្វផ្សាយសាររំលែកទុក្ខរបស់លោក មុត ចន្ថា មរណភាព របស់លោក ជាម ចន្នី គឺជាព័ត៌មានពិតហើយ។ លោក ជាម ចន្នី មានជន្នាយុ ៥៨ ចូល ៥៩ឆ្នាំ។ គាត់មានជំងឺដុំសាច់ក្នុងខួរក្បាល ហើយគាត់ធ្លាប់ទៅវះកាត់នៅប្រទេសថៃ ពីរដងរួចមកហើយ»។
គួររំលឹកថា នៅក្នុងបក្ស លោក ជាម ចន្នី គឺជាអ្នកមានប្រជាប្រិយភាពម្នាក់ និងមានការគាំទ្រច្រើនពីសកម្មជននានា ។ លោក ក៏ធ្លាប់ជាប់ពន្ធនាគារម្ដងដែរ កាលពីអាណត្ដិទី ២ ខណៈដែលលោកបានចូលរួមជាមួយគណបក្សជាតិខ្មែរ»៕