ព្រះសីហនុ ៖ លោកស្រី លឹម សាមាន ប្រធានមន្ទីរសុខាភិបាលខេត្តព្រះសីហនុ បានបញ្ជាក់នៅថ្ងៃទី២៥ ខែតុលា ម្សិលមិញនេះថា ក្នុងមួយសប្តាហ៍នេះ នៅខេត្តព្រះសីហនុ មានកុមារីម្នាក់បានស្លាប់បាត់បង់ជីវិត មុនពេលបញ្ជូនទៅដល់មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ និងមនុស្សចំនួន ៩នាក់ផ្សេងទៀត បាន ធ្លាក់ខ្លួនឈឺ ដោយសារពុលត្រីក្រពតសមុទ្រ។
លោកស្រី លឹម សាមាន បានសង្កត់ធ្ងន់ថា ចំនួនមនុស្សពុលត្រីក្រពតសមុទ្រនៅខេត្តព្រះសីហនុ បានកើតឡើងបន្តបន្ទាប់ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨ នេះ គួរឲ្យព្រួយបារម្ភ។ បច្ចុប្បន្ន ជនរងគ្រោះដែលបានធ្លាក់ខ្លួនឈឺ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត ព្រះសីហនុ។
បើតាមគ្រូពេទ្យបានឲ្យដឹងថា នៅព្រឹកថ្ងៃ២៥ ខែតុលា ឆ្នាំ២០១៨ មានពលរដ្ឋ២នាក់ ជាកម្មករសំណង់នៅម្តុំឆ្នេរព្រែកត្រែង ក្នុងស្រុកស្ទឹងហាវ មានស្ថានភាពពុលត្រី ក្រពត ធ្ងន់ធ្ងរ និងកំពុងទទួលការសង្គ្រោះជាបន្ទាន់ ។
គ្រូពេទ្យបញ្ជាក់បន្ថែមថា នេះជាជនរងគ្រោះទី៣ហើយ ដែលពុលត្រីក្រពតសមុទ្រ ក្នុងនោះមុននេះ៣ថ្ងៃក៏មានកម្មករសំណង់មួយរូបដែរ នៅក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ ក៏បានពុលត្រីកំពតនេះដូចគ្នា និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។
គួរជម្រាបជូនថា ករណីពុលត្រីក្រពតសមុទ្រនេះ អាចធ្វើឲ្យអ្នកជំងឺឈានទៅដល់អាការៈគាំងបេះ ដូងស្លាប់ ប្រសិនបើគ្មានការសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យឲ្យបានទាន់ពេលវេលានោះ៕