​លោក គង់ ក្រឹ​ង ឈ្នួ​ញ​ឈើ​ដ៏​មហិមា​នៅ​ភាគ​ឦសាន​ជ្រក​ក្រោម​ឥទ្ធិពល​ជាម​ន្ត្រី​យោធា
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 27 October, 2018 ក+ ក-

 

​ខេត្តក្រចេះ ៖ មជ្ឈដ្ឋាន​ជាច្រើន​នៅ​ភូមិភាគ​ឦសាន​ប្រទេស​កម្ពុជា ពិសេស​អ្នក​រស់នៅក្នុង​ខេត្តក្រចេះ សុទ្ធតែ​ស្គាល់ឈ្មោះ​ឈ្នួ​ញ​ឈើ គង់ ក្រឹ​ង គ្រប់ៗ​គ្នា ហើយ​អ្នក​ដែល​ស្គាល់​លោក គង់ ក្រឹ​ង ច្បាស់​ជាងគេ គឺ​ក្រុម​សមត្ថកិច្ច​ដែលមាន​អំណាច​លើ​បទល្មើស​ព្រៃឈើ និង​ថ្នាក់ដឹកនាំ​ខេត្ត​។ នេះ​បើតាម​ការអះអាង​របស់​មន្ត្រីរដ្ឋបាល​សាធារណៈ​មួយរូប​នៅក្នុង​ខេត្តក្រចេះ បានបញ្ជាក់​ប្រាប់​កាលពី​ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០១៨​។​

​តាម​ការកត់សម្គាល់ មួយរយៈ​ចុងក្រោយ គេ​ឃើញ​លោក គង់ ក្រឹ​ង និង​អ្នកស្រី ម៉ាន សា​រ៉ស់ តែងតែ​ឧស្សាហ៍​បង្ហាញខ្លួន​នៅក្នុង​កម្មវិធី​មួយចំនួន​ដែល​ពាក់ព័ន្ធ​នឹង​ការកសាង និង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ ដូចជា ថ្នល់ ស្ពាន សាលារៀន មន្ទីរពេទ្យ វត្ត​អារាម ជាដើម ដោយបាន​បរិច្ចាគ​ប្រាក់ឧបត្ថម្ភ​ខ្លះៗ​ផងដែរ​។​

​ពាក់ព័ន្ធ​នឹង​រឿងនេះ មាន​ប្រជាពលរដ្ឋ​មួយក្រុម រស់នៅ​ជិត​ផ្សារ​ស្នួល ខេត្តក្រចេះ បានលើកឡើង​ពី​ចម្ងល់​របស់ខ្លួន​ថា
​តើ​ទ្រព្យសម្បត្តិ​បស់​លោក​ឧកញ៉ា គង់ ក្រឹ​ង និង​លោកស្រី ម៉ាន សា​រ៉ស់ បាន​មកពីណា​ច្រើន​ម្ល៉េះ បានជា​ឃើញ​គាត់​ផ្លាស់​ប្ទូ​រ​ជីវភាព​ទៅជា​អ្នកមាន​ទ្រព្យ​ស្តុក​ស្ត​ម​លឿន​រហ័ស​តែ​ក្នុងពេល​ប៉ុន្មាន​ឆ្នាំនេះ​សោះ ?

​អតីត​អ្នក​បើកឡាន​ដឹកឈើ​ម្នាក់ បាន​បង្ហើប​ឲ្យ​ដឹងថា របរ​រកស៊ី​ដ៏​ធំ​មហិមា​របស់លោក គង់ ក្រឹ​ង គឺ​ជំរុញ​ឲ្យ​មាន​ចលនា​កាប់បំផ្លាញ​ឈើ​ពី​គ្រប់ទិសទី​តាមរយៈ​ការដាក់​កម្លាំង​ពង្រាយ​ដើរ​ទិញ​ឈើ​ប្រណីត​លើសពី​តម្លៃ​ប្រកួតប្រជែង​ក្នុង​តំបន់ ហើយ​មួយរយៈ​ចុងក្រោយ​នេះ ការដឹកជញ្ជូន​ឈើ​របស់លោក គង់ ក្រឹ​ង ត្រូវបាន​ផ្លាស់ប្តូរ​ពី​ការដឹក​តាម​ឡាន មកជា​ការដឹក​តាម​ម៉ូតូ​យកទៅ​ស្តុក​ទុក​នៅក្រោយ​បន្ទាយ​ទាហាន​មួយកន្លែង របស់​វរៈ​ការពារ​ព្រំដែន​លេខ​២០៤ ស្រុក​ស្នួល ខេត្តក្រចេះ នៅ​មិន​ឆ្ងាយ​ពី​ផ្ទះ​លោក គង់ ក្រឹ​ង នោះឡើយ ដែល​បង្ក​ឲ្យ​មាន​អ្នកស៊ីឈ្នួល​ដឹកឈើ បាន​ស្លាប់​ជា​បន្តបន្ទាប់​ដោយសារ​ម៉ូតូ​ដឹកឈើ​ដួល​សង្កត់​លើ​។ ករណី​ផ្លាស់ប្តូរ​វិធី​ដឹកជញ្ជូន​ពី​តាម​ឡាន មក​ដឹក​តាម​ម៉ូតូ​នេះ មិន​មែ​ខ្លាច​សម​ត្ថិ​កច្ច​ចាប់​នោះទេ ព្រោះ​បាន​ត្រូវរ៉ូវ​គ្នា​រួចហើយ គឺ​គ្រាន់តែ​បំភ័ន​ភ្នែក​តែប៉ុណ្ណោះ តែ​ពេល​ដឹកចេញទៅ​វៀតណាម គេ​ប្រើ​សុទ្ធតែ​រថយន្ត​ធុន​ធ្ងន់​ចំណុះ​សាម សែសិប​តោន​ឯណោះ​។​

​ប្រភព​ដដែល​បន្តថា លោក គង់ ក្រឹ​ង ជា​ឈ្នួ​ញ​រកស៊ី​ឈើ​ល្មើសច្បាប់​ធំជាងគេ​នៅ​ភាគ​ឦសាន​នៃ​ប្រទេស​កម្ពុជា ហេតុ​ដូច្នេះហើយ បានជា​លោក មាន​លុយ​រាប់ម៉ឺន​ដុល្លារ​សម្រាប់​បង្កក​អំណាច​អាជ្ញា​ធរមាន​សមត្ថកិច្ច​គ្រប់ផ្នែក គ្រប់​ជំនាញ រួមទាំង​អ្នកកាសែត​រាប់រយ​នាក់​មកពី​ស្ថាប័ន​ខុសៗ​គ្នា​រហូតដល់​ទៅ​រាប់រយ​ស្ថាប័ន​ឯណោះ ដើម្បី​បិទ​ព័ត៌មាន​ពី​ជំនួញ​ឈើ​ខុសច្បាប់ ។ ការ​សូកប៉ាន់​នេះ ត្រូវបាន​ធ្វើឡើង​តាមរយៈ​ភ្នាក់ងារ​ព័ត៌មាន​ប្រចាំ​នៅ​ខេត្តក្រចេះ​ម្នាក់ ដែល​លោក គង់ ក្រឹ​ង បាន​ចាត់តាំង​ឲ្យ​ធ្វើជា​ប្រធាន​ចាត់ចែង​រឿង​លុយកាក់​សម្រាប់​អ្នកកាសែត​ណា​ដែល​ត្រូវ​បើក​ឲ្យ និង​មិនត្រូវ​បើក​ឲ្យ ដែល​ខ្លះ​ត្រូវ​បើក​ឲ្យ​មួយអាទិត្យ​ម្តង និង​ខ្លះទៀត​បើក​មួយខែ​ម្តង​។​

​ប្រភពព័ត៌មាន​នេះ បាន​ប្រាប់​ឲ្យ​ដឹង​ទៀតថា មន្ត្រីរដ្ឋបាល​ព្រៃឈើ នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច សមត្ថកិច្ច​អាវុធហត្ថ និង​គយ​ចល័ត​ក្នុង​ខេត្តក្រចេះ បានចាត់ទុក​សកម្មភាព​ដឹកជញ្ជូន​ឈើ​រប​ស់មេ​ឈ្មួញ គង់ ក្រឹ​ង ជា​ប្រភព​ចំណូល​របស់​ពួកគេ​ហើយ​បណ្ដោយ​ឲ្យ​មេ​ឈ្មួញ គង់ ក្រឹ​ង ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​។ សូម្បីតែ​លោក ទ្រី សុភ័ក្ត្រ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តក្រចេះ និង​លោក វ៉ា ថន អភិបាលខេត្ត​ក្រចេះ ក៏​រក្សា​ភាព​ស្ងៀមស្ងាត់​ដែរ ​ហាក់ដូចជា​ទុក​ឱកាស​ឲ្យមេ​ឈ្មួញ គង់ ក្រឹ​ង បង្កើន​សកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញទៅ​លក់​ក្នុងស្រុក​យួន តាម​ច្រករបៀង​ដេ​៣ និង​ច្រករបៀង​ដេ​៤ ក៏ដូចជា​តាម​ច្រក​ត្រពាំង​ស្រែ កាន់តែច្រើន​ថែមទៀត​។​

​ប្រភព​ដដែល​បាន​បន្តថា សព្វថ្ងៃនេះ ក្រៅពី​ដឹកជញ្ជូន​ឈើ​ផ្ទាល់ខ្លួន លោក គង់ ក្រឹ​ង បាន​យក​ផ្លូវ​សាធារណៈ​របស់​រដ្ឋ​ចាប់ពី​គីឡូម៉ែត្រ​លេខ​៨៨ រហូតដល់​គ្រប់​ច្រក​ឆ្លង​ព្រំដែន​ទៅ​វៀតណាម ក្នុងការ​ចេញមុខ​កាង​ឲ្យ​ឈ្មួញ​ដទៃទៀត​ដឹកឈើ​គ្រប់​ប្រភេទ​ឆ្លងដែន​យ៉ាង​មាន​ក្ដី​សុខ​បំផុត ហើយ​លោក គ្រាន់តែ​ជា​អ្នក​ចាំ​ដក​តុង​តែប៉ុណ្ណោះ ហើយ​បើ​ឈ្នួ្ញ​ញ​ឈើ​ណា​មិន​ឲ្យ​លោក គង់ ក្រឹ​ង កាង​បើកផ្លូវ ឬ​បើក​ច្រកព្រំដែន​ទេនោះ គឺ​មិនអាច​ដឹក​ចេញ​បានឡើយ​។

​នៅ​ថ្ងៃទី​២៥ ខែតុលា ឆ្នាំ​២០១៨ នេះ ភ្នាក់ងារ​ព័ត៌មាន មេគង្គ ប៉ុស្តិ៍ បាន​ព្យាយាម​ទាក់ទង​តាម​ទូរស័ព្ទ​ទៅ​លោក កង់ ក្រឹ​ង ជាច្រើនលើក​ដើម្បី​សុំ​ការពន្យល់​ផ្ទៀង​ង​ផ្ទាត់​ពី​ព័ត៌មាន​ដូច​បាន​រៀបរាប់​ខាងលើ​នេះដែរ តែ​លោក គង់ ក្រឹ​ង មិន​បានទទួល​ទូរស័ព្ទ​សោះ​៕