ភ្នំពេញ ៖ សេចក្តីព្រាងច្បាប់ថវិកាឆ្នាំ២០១៩ ត្រូវបានកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ធ្វើការ អនុម័តជាផ្លូវការហើយនៅថ្ងៃសុក្រទី ២៦ ខែតុលានេះ។ បើតាមសេចក្តីព្រាងច្បាប់នេះ បង្ហាញថា រដ្ឋគ្រោងចំណាយជាង ៧លាន ៧សែនលានរៀល សម្រាប់ការដំឡើងប្រាក់បៀវត្សមូលដ្ឋាន ដំឡើងប្រាក់បំណាច់មុខងារ និងដំឡើងប្រាក់ឧបត្ថម្ភប្រចាំខែសម្រាប់ មន្ត្រីជាប់កិច្ចសន្យា។
ថវិកាជាតិដែលត្រូវចំណាយឆ្នាំ២០១៩ មានទិសដៅជាយុទ្ធសាស្ត្រកំណត់ការ ចំណាយ ថវិកាថ្នាក់ជាតិឲ្យស្ថិតក្នុងកំរិតចំនួនប្រមាណ២៥លាន ៧សែនលានរៀល ត្រូវជា ២៣,៤៥ ភាគរយនៃផសស ពោលគឺមានកំណើន១០ ភាគរយធៀបទៅនឹងច្បាប់ថវិកាឆ្នាំ២០១៨ ក្នុងនោះការចំណាយចរន្តថ្នាក់ជាតិ មានចំនួនប្រមាណ១៦លាន៨សែនលានរៀល និងចំណាយ មូលធនថ្នាក់ជាតិ មានចំនួនជិត៩លានលានរៀល។ នេះបើតាមសេចក្តីព្រាងច្បាប់ថវិកាឆ្នាំ ២០១៩ ដែលគណៈរដ្ឋមន្ត្រីបានធ្វើអនុម័ត។
រដ្ឋគ្រោងនឹងចំណាយថវិកា ប្រ មាណជាង ៧លាន ៨សែនលាន រៀល សម្រាប់ការតម្លើងបៀវត្តន៍បីផ្នែកសំខាន់ៗ ក្នុងនោះ សម្រាប់ការតម្លើងបៀវត្តន៍ មូលដ្ឋាន ដោយអនុវត្តន៍ចាប់ពីខែមករា ឆ្នាំ២០១៩ សម្រាប់ការតម្លើងប្រាក់បំណាច់មុខងារ ដែល នឹងត្រូវអនុវត្តនៅ ខែមេសា ឆ្នាំ២០១៩ ដោយផ្តល់បន្ថែមចំនួន៣ម៉ឺនរៀលជូនមន្ត្រីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលមានប្រាក់បំណាច់មុខងារក្នុង កម្រិតចាប់ពី៧៥ម៉ឺន រៀល ចុះក្រោម។ ក្នុងនោះរដ្ឋ នឹងធ្វើការតម្លើងប្រាក់ឧបត្ថម្ភប្រចាំខែ សម្រាប់មន្ត្រីជាប់កិច្ចសន្យា ពី៦០ម៉ឺនរៀល ទៅដល់៦៥ម៉ឺន រៀល ដោយអនុវត្តចាប់ពីខែមករា ដល់ខែធ្នូ ២០១៩។
បើតាមសេចក្តីព្រាងច្បាប់ថវិកាដដែល បានបញ្ជាក់ថា បៀវត្សអប្បបរមារបស់មន្ត្រីរាជការ ស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ នៅក្នុងឆ្នាំ២០១៩ នឹងត្រូវដំឡើងពីរដង គឺនៅខែមករា និង នៅខែមេសា។ សម្រាប់បៀវត្សមន្ត្រីរាជការស៊ីវិល៖ នឹងត្រូវដំឡើងពីចំនួន ១លាន ១ម៉ឺន៤ពាន់ រៀល នៅឆ្នាំ២០១៨ ដល់ប្រមាណ ១លាន ៧ម៉ឺនរៀល នៅខែមករា ឆ្នាំ២០១៩ ហើយនឹងត្រូវ ដំឡើងដល់ប្រមាណ ១លាន ១សែនរៀល ចាប់ពីមេសា ឆ្នាំ២០១៩។
ចំពោះ បៀវត្សគ្រូបង្រៀន និងគ្រូពេទ្យ ក៍នឹងត្រូវដំឡើងពីចំនួន ១លាន ១សែន១ម៉ឺន៤ពាន់ រៀល នៅឆ្នាំ២០១៨ ដល់ ប្រមាណ ១លាន ១សែន៧ម៉ឺនរៀល នៅខែមករា ឆ្នាំ២០១៩ ហើយនឹងត្រូវដំឡើង ដល់ប្រមាណ ១លាន២សែនរៀល ចាប់ពីខែ មេសា ឆ្នាំ២០១៩។ បៀវត្សនគរបាលជាតិ ចាប់ពីពលបាលត្រី នឹងត្រូវដំឡើងពីចំនួន ១លាន ៩ម៉ឺន៨ពាន់រៀល (ដោយគិតបញ្ចូលរបបអង្ករ) នៅឆ្នាំ២០១៨ ដល់ប្រមាណ ១លាន ១សែន ៥ម៉ឺន៤ពាន់រៀល ( ដោយគិតបញ្ចូលរបបអង្ករ ) នៅខែមករា ឆ្នាំ ២០១៩ ហើយនឹងត្រូវដំឡើងដល់ប្រមាណ ១លាន ១សែន៨ម៉ឺន៤ពាន់រៀល ( ដោយគិតបញ្ចូល របបអង្ករ ) ចាប់ពីខែមេសា ឆ្នាំ២០១៩។ សំរាប់បៀវត្សយោធិន ចាប់ពីពលទោនឹងត្រូវ ដំឡើង ពីចំនួន ៩៧ម៉ឺន ៦ពាន់រៀល នៅឆ្នាំ២០១៨ ដល់ប្រមាណ១លាន ២ម៉ឺន៥ពាន់រៀល នៅខែមករា ឆ្នាំ២០១៩ ( មិនគិតបញ្ចូលរបបអង្ករ ) ហើយនឹងត្រូវដំឡើងដល់ប្រមាណ ១លាន ៥ម៉ឺន៥ពាន់ រៀល ( មិនគិតបញ្ចូលរបបអង្ករ ) ហើយបើគិតបញ្ចូលរបបអង្ករ ត្រូវជាប្រមាណ ១លាន ១សែន ១ម៉ឺន៤ពាន់រៀល ចាប់ពីខែមេសា ឆ្នាំ២០១៩។
សេចក្តីព្រាងច្បាប់ ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ឆ្នាំ២០១៩ បង្ហាញថា ការដំឡើងបៀវត្ស ជូនមន្ត្រីសាធារណៈ សម្រាប់ឆ្នាំ២០១៩ នេះ រាជរដ្ឋាភិបាលបានគ្រោងថវិកា ចំនួន ២០ ប៊ីលាន រៀល ដោយឡែកផ្សេងទៀត សម្រាប់ផ្តល់លទ្ធភាពដល់ក្រសួងស្ថាប័ន អាចជ្រើសរើសមន្ត្រីមាន សមត្ថភាព និងជំនាញខ្ពស់ចូលបម្រើការងាររដ្ឋ ហើយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងផ្តល់កិច្ច សហការជិតស្និទ្ធជាមួយនឹងក្រសួងមុខងារសាធារណៈ ដើម្បីរៀបចំក្របខណ្ឌ និងគោលការណ៍ សម្រាប់ដាក់ឲ្យដំណើរការគម្រោងនេះ។
លើសពីនេះ រាជរដ្ឋាភិបាល បានគ្រោងថវិកាចំនួន ៥០ប៊ីលានរៀល ជាមូលនិធិថែទាំសុខភាពមន្ត្រី សាធារណៈ អតីតមន្ត្រីរាជការ និងអតីតយុទ្ធជន នៅក្នុងកញ្ចប់ថវិការបស់ក្រសួងសុខាភិបាល ដើម្បីរ៉ាប់រងលើការទ្រទ្រង់ថែទាំសុខភាពមន្ត្រីសាធារណៈ។ ទន្ទឹមគ្នានេះ បន្ថែមពីលើប្រាក់ឧបត្ថម្ភ គោល នយោបាយគាំពារសង្គមចំនួនពីរ គឺប្រាក់ឧបត្ថម្ភមាតុភាពដល់មន្ត្រីរាជការ និងកងកម្លាំង ប្រដាប់អាវុធគ្រប់ប្រភេទជាស្ត្រី និងប្រាក់ឧបត្ថម្ភបុណ្យសពមន្ត្រីរាជការ ដែលទទួលមរណ ភាពក្នុង ពេលបំពេញបេសកកម្ម ឬគ្រោះថ្នាក់ការងារ ដើម្បីរៀបចំពិធីបុណ្យសពតាមប្រពៃណី ដែលត្រូវបាន ដាក់ឲ្យអនុវត្តរួចមកហើយ រាជរដ្ឋាភិបាលក៏បានគ្រោងថវិកាចំនួន ៦ប៊ីលានរៀល ដើម្បីទ្រទ្រង់ របបសន្តិសុខសង្គមផ្នែកហានិភ័យការងារសម្រាប់មន្ត្រីសាធារណៈនៅក្នុងកញ្ចប់ថវិការបស់ក្រសួងសុខាភិបាលផងដែរ៕