ភ្នំពេញ ៖ លោកស្រី រ៉ូណា ស្មីត អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា នឹងបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសកម្ពុជារយៈពេល១១ថ្ងៃ ចាប់ពីថ្ងៃទី២៩ ខែតុលា ដល់ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ខាងមុខនេះ តបតាមការអញ្ជើញរបស់រាជរដ្ឋាភិបាលកម្ពុជា។
មន្ត្រីរដ្ឋាភិបាល បានឲ្យដឹងថា ក្នុងអំឡុងពេលទស្សនកិច្ចនៅកម្ពុជារយៈពេល១១ថ្ងៃនេះ លោកស្រី រ៉ូណា ស្មីត គ្រោងជួបពិភាក្សាជាមួយមន្ត្រីជាន់ខ្ពស់ក្នុងរដ្ឋាភិបាល តំណាងសង្គមស៊ីវិល និងសមាជិកសហគមន៍ការទូតមួយចំនួន ទៀត។
តាមការគ្រោងទុក លោកស្រី រ៉ូណា ស្មីត នឹងបញ្ចប់ដំណើរទស្សនកិច្ចដោយមានធ្វើសន្និសីទសារព័ត៌មានមួយនៅវេលារសៀលថ្ងៃទី៨ ខែវិច្ឆិកា ដើម្បីបង្ហាញពីការមើលឃើញក្នុងដំណើរទស្សនកិច្ចរបស់លោកស្រីនៅកម្ពុជា នៅការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា ដែលមានអាសយដ្ឋាន នៅសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន។
គួររំលឹកជូនថា អ្នករាយការណ៍ពិសេស អ.ស.ប តែងតែមកបំពេញបេសកកម្មផ្លូវការជាទៀងទាត់មកកាន់ប្រទេសកម្ពុជា ហើយនៅលើកនេះ លោកស្រីនឹងធ្វើរបាយការណ៍ប្រចាំឆ្នាំទៅក្រុមប្រឹក្សាសិទ្ធិមនុស្ស ក្នុងខែកញ្ញា ឆ្នាំ២០១៩។ លោកស្រី រ៉ូណា ស្មីត ត្រូវបានតែងតាំងជាអ្នករាយការណ៍ពិសេស អ.ស.ប នៅក្នុងខែមីនា ឆ្នាំ២០១៥៕ ដោយ ៖ភិរ៉ាន