ខេត្តកំពង់ចាម ៖ លោក សែម បូរ៉ា នាយកទូរទស្សន៍ ធីអិនអឹម អនឡាញ ( TNM Onling ) នឹងត្រូវសមត្ថកិច្ចរៀបចំឯកសារបញ្ជូនទៅតុលាការនៅរសៀលថ្ងៃទី២៨ ខែតុលា នេះ បន្ទាប់ពីបានសាកសួរក្នុងករណីឆបោកប្រាក់រឿងទិញលក់ដីធ្លី កាលពីអំឡុងខែមេសា ឆ្នាំ២០១៨។ នេះបើតាមការបញ្ជាក់របស់មន្ត្រីនគរបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី២៨ តុលា នេះ។
អគ្គនាយកទូរទ្សន៍អនឡាញ TNM លោក សែម បូរ៉ា ត្រូវបានសមត្ថកិច្ចខេត្តកំពង់ចាម ចាប់ឃាត់ខ្លួន និងដាក់ខ្នោះពាក់ព័ន្ធនឹងករណីឆបោកលុយជាង ១០ម៉ឺនដុល្លារក្នុងរឿងទិញលក់ដី។ ការចាប់ខ្លួននេះ បានធ្វើឡើងកាលពីរសៀលថ្ងៃ២៦ ខែតុលា ឆ្នាំ២០១៨ នៅក្នុងភូមិសាស្ត្រស្រុកបាធាយ ខេត្តកំពង់ចាម។
មន្ត្រីនគរបាលខេត្តកំពង់ចាម បានបញ្ជាក់ថា ពិតជាមានករណីចាប់ឃាត់ខ្លួនលោក សែម បូរ៉ា នាយកទូរទស្សន៍ អនឡាញ TNM ប្រាកដមែន គឺសមត្ថកិច្ចបាននាំខ្លួនលោក សែម បូរ៉ា ពីស្រុកបាធាយ មកកាន់ស្នងការដ្ឋានខេត្តកំពង់ចាម ដើម្បីធ្វើការសាកសួរបន្ថែម ទៅតាមពាក្សបណ្តឺងរបស់ដើមចោទម្នាក់ពីបទឆបោកប្រាក់ប្រមាណជាង១០ម៉ឺនដុល្លារអាមេរិក ក្នុងរឿងទិញលក់ដីធ្លី។
បើយោងតាមពាក្យបណ្តឹង គឺលោក សែម បូរ៉ា បានធានាទិញដីស្រែប្រាំងពីប្រជាពលរដ្ឋចំនួន៨គ្រួសារ នៅភូមិចុង ឃុំសំបូរ ស្រុកបាធាយ ខេត្តកំពង់ចាម ទំហំ ៨,៥០ហិកតាទៅឲ្យដើមបណ្តឹង ដែលធ្វើឡើងតាំងពីខែមេសា ឆ្នាំ២០១៨ មកម្ល៉េះ តែរហូតមកពេលនេះ ដើមបណ្តឹងដែលជាម្ចាស់ប្រាក់នៅតែមិនទាន់ទទួលបានលិខិតផ្ទេរកម្មសិទ្ធិដីធ្លីដូចការធានារបស់លោក សែម បូរ៉ានោះឡើយ ខណៈដែលលោក សែម បូរ៉ា បានទទួលប្រាក់ពីអ្នកទិញគ្រប់ចំនួនអស់ហើយ ទើបបានជាកើតមានករណីប្តឹងផ្តល់នេះកើតមានឡើង។
មន្ត្រីដដែល បន្តថា នៅរសៀលថ្ងៃទី២៨ ខែតុលា នេះ បន្ទាប់ពីបានសាកសួររួចរាល់ហើយ សមត្ថកិច្ចនឹងរៀបចំឯកសារបញ្ជូនលោក សម បូរ៉ា ទៅកាន់តុលាការខេត្ត ដើម្បីចាត់ការបន្តតាមច្បាប់។ ព័ត៌មានលម្អិល នឹងបន្តជម្រាបជូននៅពេលបន្ទាប់ទៀត ៕