កំពង់ស្ពឺ ៖ លោក ឯម សុគន្ធ ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ បានប្រាប់នៅថ្ងៃទី៣០ ខែតុលា នេះថា ប្រជាសហគមន៍ជនជាតិសួយជាង ៣០០នាក់មកពីភូមិកោដូន្តី ភូមិពុទ្រា និងភូមិតានិល ក្នុងឃុំត្រពាំង ជោរ ស្រុកឱរ៉ាល់ ក្នុងរយៈពេល ៣-៤ថ្ងៃ កន្លងមកនេះ បាននាំគ្នាទន្ទ្រានកាន់កាប់ដីក្នុងតំបន់អភិ រក្ស ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ដែលម្នាក់ៗទន្ទ្រានយកក្នុងទំហំក្បាល ៥ម. បណ្តោយ ១០០ម. និងបានបោះបង្គោលឈើកំណត់ព្រំប្រទល់គ្នារួចជាស្រេច។
លោក ឯម សុគន្ធ បានបន្តថា សកម្មភាពនេះ គឺជាអំពើល្មើសច្បាប់ដែលទំនងជាជាប់ពាក់ព័ន្ធនឹងក្រុមឈ្មួញដីទុច្ចរិត និងមន្ត្រីមានអំណាចក្នុងខេត្តផងដែរ។ លោកថា ក្រុមប្រជាពលរដ្ឋកំពុងត្រូវបានមេខ្យល់ ឬជនទុច្ចរិតណាម្នាក់ ប្រើប្រាស់ដើម្បីកេងចំណេញ ហើយនៅពេលនេះ ក្រុមមន្ត្រី សមត្ថកិច្ចជំនាញ និងអាជ្ញាធរមូលដ្ឋាន កំពុងធ្វើការស្រាវជ្រាវរកជនដែលនៅពីក្រោយ ខ្នងញុះញង់ ឲ្យកើតមានបទល្មើសនេះ៕