ភ្នំពេញ ៖ លោកស្រី ជា សេរី អគ្គនាយកបច្ចេកទេស ធនាគារជាតិនៃកម្ពុជា បានលើកឡើងក្នុងសន្និសីទ សារព័ត៌មាន នៅរសៀលថ្ងៃទី៣០ ខែតុលា នេះថា «ការដាក់ឲ្យប្រើប្រាស់ប្រាក់យ៉ន់របស់ចិន ក្នុងធនាគារកម្ពុជា គឺជាការជំរុញសម្រាប់ការទូទាត់ពាណិជ្ជកម្មទ្វេភាគី រវាងពាណិជ្ជករចិន និងកម្ពុជាប៉ុណ្ណោះ »។
លោកស្រីបានបញ្ជាក់ថា ការទូទាត់ប្រាក់យ៉ន់របស់ចិន ក្នុងប្រព័ន្ធធនាគារនៅកម្ពុជា គឺគ្រាន់តែជាការជំរុញឲ្យការទូទាត់ទៅវិញទៅមក ក្នុងទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា និងចិនប៉ុណ្ណោះ មិនមែនជាការជំរុញឲ្យលុយយ៉ន់ចិន មកចរាចរក្នុងប្រទេសកម្ពុជា ចាយវាយ ដូចប្រាក់ដុល្លារនោះឡើយ។
លោកស្រី បញ្ជាក់ថា«សូមកុំយល់ច្រឡំថា គឺជាការដាក់ចរាចរលុយយ៉ន់ ចាយវាយនៅកម្ពុជា ដូចចរាចរលុយដុល្លារឡើយ ព្រោះទិសដៅរបស់ធនាគារជាតិនៃកម្ពុជា គឺការជំរុញការចាយវាយលុយរៀលរបស់ជាតិ»៕