ភ្នំពេញ ៖ នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍នៅព្រឹកថ្ងៃទី៣១ ខែតុលា ក្នុងឱកាសសម្តេចជួបសំណេះសំណាលជាមួយកម្មករ និយោជិតជិត៧ពាន់នាក់ នៅខណ្ឌជ្រោយ ចង្វារ ថា គិតមកដល់ពេលនេះ សម្ដេចបានចុះហត្ថលេខា ធ្វើបុរេប្រទានប្រាក់ជាង ២២លានដុល្លារ សម្រាប់បើកឲ្យកម្មករដែលថៅកែរោងចក្ររត់ចោល ខណៈដែលប្រាក់បៀវត្សកម្មករ នឹងកើនឡើង ដល់ ១៨២ដុល្លារ នៅឆ្នាំ២០១៩ ខាងមុខ ។ ជាមួយនេះ សម្ដេចតេជោ ក៏បានអំពាវនាវដល់ ម្ចាស់ ផ្ទះជួលទាំងអស់ កុំឲ្យដំឡើងថ្លៃឈ្នួល ផ្ទះសម្រាប់កម្មករ ។
សូមបញ្ជាក់ថា ការចរចាដែលបានធ្វើក្នុងយន្តការត្រីភាគី គឺរវាងតំណាងរាជរដ្ឋាភិបាល តំណាង កម្មករ និងតំណាងថៅកែរោងចក្របានចរចាត្រូវរ៉ូវគ្នារួចស្រេចហើយ នូវប្រាក់ឈ្នួលអប្បបរមា របស់កម្មករ ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៩ តទៅ នឹងអនុវត្តន៍តួលេខ ១៨២ដុល្លារក្នុងមួយខែ៕