អ្នក​ជាប់ឃុំ ១​ភាគ​៣ ក្នុង​ពន្ធនាគារ​នៅ​ទូទាំង​កម្ពុជា ស្ថិតក្នុង​បន្ទប់​ចង្អៀត​ណែន
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 1 November, 2018 ក+ ក-

​ភ្នំពេញ ៖ ពន្ធនាគារ​ចំនួន​១៨ ក្នុងចំណោម​ពន្ធនាគារ​ចំនួន​២៨ នៅ​ទូទាំងប្រទេស​កម្ពុជា ត្រូវបាន រកឃើញថា អ្នក​ជាប់ពន្ធនាគារ​ច្រើនជាង ១​ភាគ​៣ គឺជា​ជន​ដែល​ត្រូវបាន​ឃុំខ្លួន​បណ្ដោះអាសន្ន​រង់ចាំ​សវនាការ​។ នេះ​បើតាម​របាយការណ៍​រប​ស់​អង្គការ​ការពារ​សិទ្ធិមនុស្ស លីកាដូ ចេញផ្សាយ​នៅ ថ្ងៃទី​១ ខែ​វិ​ច្ឆ​កា ឆ្នាំ​២០១៨​។​

​របាយការណ៍​ដដែល បញ្ជាក់ថា នៅក្នុង​ពន្ធនាគារ​មួយចំនួនទៀត មាន​អ្នក​ជាប់ឃុំ​ច្រើនជាង​ពាក់កណ្ដាល ដែល​មិនទាន់​ត្រូវបាន​តុលាការ​បើកសវនាការ​ជំនុំជម្រះ​នៅឡើយ​។ ការឃុំខ្លួន​បណ្ដោះ អាសន្ន​នេះ ច្រើន​ហួសហេតុ ធ្វើ​ឲ្យ​ពន្ធនាគារ​នៅ​កម្ពុជា​ដែល​ចង្អៀត​ណែន​ស្រាប់ មាន​សភាព​កាន់តែ​ធ្ងន់ធ្ងរ​ថែមទៀត​។

​របាយការណ៍​អង្គការ​នេះ ក៏បាន​ជំរុញ​ឲ្យ​ចៅក្រម​ស៊ើបសួរ ប្រើ​ឆន្ទានុសិទ្ធិ​ដោះលែង​ជនជាប់ចោទ​ដែល​អាច​ឲ្យ​នៅក្រៅ​ឃុំ​រហូត​ទាល់តែ​ដល់​ថ្ងៃ​សវនាការ​ជំនុំជម្រះ​រឿងក្ដី ដើម្បី​កាត់បន្ថយ​សម្ពាធ​លើ​ជន​ជាប់ឃុំ​រាប់ពាន់នាក់ នៅក្នុង​ពន្ធនាគារ​ទាំងអស់​នៅ​កម្ពុជា​។​

​អង្គការ​នេះ បាន​ឆ្លុះបញ្ចាំង​ថា អ្នក​ជាប់ឃុំ​ច្រើន​ហូ​ស​កំណត់ មិន​ត្រឹមតែ​បាន​បង្ក​ផលប៉ះពាល់​ទៅលើ​អ្នក​ជាប់ឃុំ​ប​ណ្ណោះ​ទេ គឺ​វា​ក៏​ផ្ដល់​ផលវិបាក​ដល់​មន្ដ្រី​ពន្ធនាគារ​ផងដែរ​៕