ខេត្តកំពង់ចាម ៖ ច្រាំងទន្លេ និងសួនច្បារមានទីតាំងនៅមុខសណ្ឋាគារ អិលប៊ីអិន របស់ឩកញ្ញា លឹម ប៊ុណ្ណា នៅក្រុងកំពង់ចាម បានបាក់ស្រុតអស់បណ្តោយប្រវែងប្រហែលជាង ១០០ម៉ែត្រ កាលពីព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៨ ថ្មីៗនេះ បានធ្វើអោយអាជ្ញាធរដែនដី និងសមត្ថកិច្ចនគរបាល ព្រមទាំងប្រជាពលរដ្ឋមានការភ្ញាក់ផ្អើល និងព្រួយបារម្មណ៍ពីសុវត្ថិភាព និងផលប៉ះពាល់យ៉ាងខ្លាំង ។
ច្រាំងទន្លេមានចាក់បេតុងតាមបណ្តោយថ្នល់ជាតិ លំអរដោយរូបសំណាកផ្សេងៗ និងមានសួនច្បារសំរាប់ប្រជាពលរដ្ឋដើរលេងកំសាន្តជាស្នាដៃរបស់អតីតអភិបាលខេត្តកំពង់ចាម គឺលោក លន់ លឹមថៃ ដែលបានរចនាអោយមាត់ទន្លេ មានសោភណ្ឌ័ភាពគួរអោយមោទនរបស់ខេត្តកំពង់ចាម។
ប៉ុន្តែនៅព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៨ នេះ ស្រាប់តែបាក់ស្រុតអស់ប្រវែងបណ្តោយថ្នល់ប្រវែងជាង១០០ម៉ែត្រ ធ្វើអោយការដើរកំសាន្តត្រូវវឆ្ងាយពីម្តុំមុខសណ្ឋាគារ អិលប៊ីអិន ដែលមានកំពស់ខ្ពស់ស្កឹមស្កៃ។ ប្រជាពលរដ្ឋនៅក្រុងកំពង់ចាម មានការព្រួយបារម្មណ៍យ៉ាងខ្លាំងខ្លាចគ្រោះធម្មជាតិ មួយនេះដែលកំពុងគំរាមកំហែងដល់ហេដ្ឋារចនានៅក្រុងកំពង់ចាម៕