ប៉ោយប៉ែត ៖ អាកាសយានដ្ឋានក្រុងប៉ោយប៉ែត នឹងចាប់ផ្តើមសាងសង់ឡើងវិញនៅរដូវប្រាំង ឆ្នាំ២០១៩ ខាងមុខនេះ ។ នេះបើតាមការឲ្យដឹងពីអភិបាលក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ លោក សាន ស៊ាងហូ ។
លោកអភិបាលក្រុងបានរំលឹកថា ព្រលានយន្តហោះនេះ ត្រូវបានចាប់ផ្តើមសាងសង់តាំងពីឆ្នាំ២០០៨ ហើយលោកជាអ្នកម៉ៅការសាងសង់ព្រលានយន្តហោះនេះផ្ទាល់។ ព្រលាននេះ ត្រូវបានសាងសង់ផ្លូវរត់របស់យន្តហោះរួចហើយ នៅតែចាក់បេតុងបន្ថែម និងសាងសង់អគារទទួលអ្នកដំណើរតែប៉ុណ្ណោះ។ ព្រលានយន្តហោះនេះមានទំហំផ្ទៃដីចន្លោះពី ១០០ ទៅ ២០០ហិកតា ដែលអាចប្រើប្រាស់សម្រាប់ការហោះហើរក្នុងស្រុក និងអាចភ្ជាប់ទៅកាន់អន្តរជាតិនាពេលអនាគត។
គួរជម្រាបថា ព្រលានយន្តហោះនេះ ស្ថិតនៅតំបន់មួយដែលគេហៅថា “តំបន់កូនដំរី” មានចម្ងាយប្រមាណ ១០គីឡូម៉ែត្រពីក្រុងប៉ោយប៉ែត។ ព្រលាននេះ ជាកម្មសិទ្ធិ និងវិនិយោគដោយម្ចាស់សណ្ឋាគារ និងកាស៊ីណូហូលីដេ។ ចំណាយពេលពី ៣ ទៅ ៥ឆ្នាំ ដែលនឹងចាប់ផ្តើមសង់នៅឆ្នាំ២០២០។ ព្រលាននេះ គឺសម្រាប់បម្រើតែជើងហោះហើរក្នុងស្រុកប៉ុណ្ណោះ ប៉ុន្តែក៏អាចទទួលយន្តហោះប្រភេទ Boeing 731 និង Airbus 320 ផងដែរ។ ការវិនិយោគសាងសង់ឡើងវិញ នូវព្រលានយន្តហោះនេះ អាចចំណាយទុនពី ៤០ ទៅ ៥០លានដុល្លារ៕