ភ្នំពេញ ៖ ក្រុមហ៊ុន Emerald Resources ដែលទទួលសិទ្ធិអភិវឌ្ឍន៍អណ្តូងរ៉ែមាសអូរខ្វាវ នៅខេត្តមណ្ឌលគិរី អាចនឹងចាប់ផ្តើមដំណើរការទាញយកមាសលើទឹកដីកម្ពុជាជាលើកដំបូងនៅដើមឆ្នាំ ២០២០ បន្ទាប់ពីបានទទួលអាជ្ញាប័ណ្ណធ្វើអាជីវកម្មរ៉ែមាសកាលពីខែកក្កដា ។ នេះបើយោងតាមអ្នកនាំពាក្យក្រសួងរ៉ែ និងថាមពល។
លោក យស មុនីរ៉ាត់ អ្នកនាំពាក្យក្រសួងរ៉ែ និងថាមពល បានឲ្យដឹងថា ក្រុមហ៊ុន Emerald Resources បានទទួលអាជ្ញាប័ណ្ណរុករករ៉ែកាលពីខែកក្កដា ដែលរំពឹងថា នឹងចាប់ផ្តើមផលិតមាសជាលើកដំបូងនៅកម្ពុជា នាដើមឆ្នាំ ២០២០ ខាងមុខ។
គួរបញ្ជាក់ថា ក្រុមហ៊ុន Emerald Resource ដែលចុះបញ្ជីក្នុងផ្សារភាគហ៊ុនអូស្ត្រាលី ហើយកៀរគរដើមទុនបានប្រមាណ២៧ លានដុល្លារអូស្ត្រាលី ប្រហែលជា ១៩,៥ លានដុល្លារអាមេរិក តាមរយៈការបោះផ្សាយលក់មូលបត្រ សម្រាប់ការអភិវឌ្ឍអណ្តូងរ៉ែមាស ដែលនឹងធ្វើនៅតំបន់អូរខ្វាវ ខេត្តមណ្ឌលគិរី នាពេលខាងមុខនេះ៕