ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានតម្រូវឲ្យម្ចាស់គណនីចំនួន៦ ត្រូវបញ្ឈប់ការនាំចូល ការផ្សព្វផ្សាយលក់ ឬចែកចាយផលិតផលឱសថខុសច្បាប់ចំនួន១៨មុខ(សូមមើលរូបភាពខាងក្រោម) ព្រមទាំងប្រមូលមកវិញដើម្បីកម្ទេចចោលជាបន្ទាន់ ព្រោះអាចបង្កឲ្យអ្នកប្រើប្រាស់រងគ្រោះថ្នាក់ដល់អាយុជីវិត។
ក្រសួង បានបញ្ជាក់ថា គណនីហ្វេសប៊ុកទាំងនោះ បាន និងកំពុងផ្សព្វផ្សាយផលិតផលឱសថប្រភេទចាក់ ចំនួន១៨មុខ ដោយគ្មានបញ្ជាក់ពីឈ្មោះក្រុមហ៊ុននាំចូលត្រឹមត្រូវ គ្មានការចុះបញ្ជិកា គ្មានការត្រួតពិនិត្យ និងគ្មានការអនុញ្ញាតឲ្យផ្សព្វផ្សាយពីក្រសួងសុខាភិបាលឡើយ។
គួរជម្រាបថា ការព្រមាននេះ ធ្វើឡើងបន្ទាប់ពីគណនីហ្វេសប៊ុកមួយចំនួន ដែលក្រសួងចាត់ទុកថា បានផ្សព្វផ្សាយអួតអាង បំផ្លើសហួសពីការពិតនូវផលិតផលឱសថចាក់ ដូចជា ជួយឲ្យស្បែកស បំបាត់ស្នាមអុជខ្មៅ អាចម៍រុយ ជួយរក្សាវ័យឲ្យនៅក្មេង កាត់បន្ថយការផលិតជាតិ Melanin ការពារនិងបំបាត់ភាពជ្រីវជ្រួញ បណ្តុះកោសិកាថ្មី បំបាត់មុខទ្រុត មុខខ្មួត ជួយរក្សារាង កាត់បន្ថយជាតិខ្លាញ់ក្នុង សរសៃឈាមជាដើម។
ក្រសួងសុខាភិបាល បានអំពាវនាវថា ដើម្បីចៀសវាងការខាងបង់ប្រាក់កាស និងប៉ះពាល់ដល់សុខភាព អាចឈានទៅដល់ការបាត់បង់អាយុជីវិត ស្លាប់ដោយគាំងបេះដូង អ្នកប្រើប្រាស់ទៀតនោះ ស្នើបងប្អូនដែលចូលចិត្តប្រើប្រាស់ផលិតផលឱសថចាក់បំប៉នស្បែកទាំងនោះ ត្រូវបញ្ឈប់ការប្រើប្រាស់ជាបន្ទាន់។
ក្រសួងសុខាភិបាល ក៏បានព្រមានចាត់វិធានការយ៉ាងតឹងរ៉ឹងតាមផ្លូវច្បាប់ ចំពោះម្ចាស់គណនីទាំង៦ និងគណនីមួយចំនួនផ្សេងទៀត ទៅតាមច្បាប់ស្តីពីច្បាប់វិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងឱសថជាធរមាន៕