ខេត្តបន្ទាយមានជ័យ ៖ អ្នកបើកបររថយន្តដឹកដីម្នាក់បានស្លាប់ភ្លាមៗ ដោយសាររថយន្តរអិលធ្លាក់ពីលើភ្នំ ខណៈកំពុងបើកទៅដាក់អាចម៍ដី និងកម្ទេចថ្មនៅភ្នំទ្រយោង ស្ថិតក្នុងភូមិទ្រយោងឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ។
ការធ្វើអាជីវកម្មនេះ បានកើតមានយ៉ាងដុះស្លែយូរហើយ ប៉ុន្តែស្ងប់ស្ងាត់ល្អណាស់សង្ស័យមានអ្នកពាក់ព័ន្ធច្រើន។
ភ្នំធម្មជាតិមួយនេះបើយើងមើលពីផ្លូវជាតិលេខ៦ នៅហំ តែបើមើលពីចំហៀង ឬពីក្រោយ ជិតរលាយហើយ គឺឈ្មួញកាយយកថ្មជាបន្តបន្ទាប់ ឯចំណុចកាយរាបដល់ដីហើយនោះក្លាយជាទីតាំងមានម្ចាស់គ្រោងបោះបង្គោលហ៊ុំព័ទ្ធយកធ្វើជាកម្មសិទ្ធទៀតផង។រឿងដ៌អាថ៌កំបាំងនេះត្រូវបានបែកធ្លាយដោយសារអ្នកបើកបររថយន្តដឹកថ្មម្នាក់បានស្លាប់ក្នុងករណីគ្រោះថ្នាក់រថយន្តរអិលធ្លាក់សង្កត់នៅចំណុចរណ្តៅជីកយកថ្មលើភ្នំ ទ្រយោង កាលពីព្រឹកថ្ងៃទី៤ វិច្ឆិកា ឆ្នាំ២០១៨។ ជនរងគ្រោះឈ្មោះ ឃិញ ស៊ី ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅក្នុងភូមិឃុំកើតហេតុខាងលើ។
ទីតាំងកើតហេតុត្រូវគេដឹងថា ឈ្មួញកាយយកថ្មភ្នំគ្មានច្បាប់នោះទេ។ បញ្ហានេះប្រភពនានា ជាច្រើនលើកឡើងថា ការធ្វើអាជីវកម្មកាយយកថ្មលើភ្នំទ្រយោងមិនមែនមានលោក យឿនសំបូរ នោះទេប្រភពថា មានរបស់អ្នកផ្សេងៗ ២ទៅ៣នាក់ទៀត និងខ្លះជាឧកញ្ញ៉ាទៀតផង។
ជុំវិញករណីរិៈគន់ជុំទិសនេះលោក អែម ណុយ មេឃុំភ្នំលៀប កន្លងមកធ្លាប់ប្រាប់ឱ្យដឹងថាករណីខាងលើកើតមានមែន ប៉ុន្តែលោកថា ចំណុចខ្លះដីមានម្ចាស់ក្នុងនោះលោកថា ក្រុមហ៊ុនមួយជារបស់ឧកញ្ញ៉ា សៀង ណាំ សុំកាយយកថ្មទៅជួយអភិវឌ្ឍន៌ផ្លូវនៅតាមមូលដ្ឋានដែលពលរដ្ឋពិបាកធ្វើដំណើរក្នុងខេត្តសៀមរាប។
គួរបញ្ជាក់ថាក្រៅពីភ្នំទ្រយោង ក៌មានភ្នំមួយចំនួនទៀត ក្នុងខេត្តបន្ទាយមានជ័យ កំពុងត្រូវបានគេចូកកាយធ្វើអាជីវកម្មកន្លែងខ្លះមានច្បាប់កន្លែងខ្លះសង្ស័យអត់ច្បាប់ដែលបញ្ហានេះមន្ទីរពាក់ព័ន្ធក្នុងខេត្តគួរតែពិនិត្យមើលផង៕ ដោយ ៖ សុផល