ក្រសួងមហាផ្ទៃ ព្រមានចាត់ការអ្នកលក់ឱសថក្លែងក្លាយ
ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ កុំទិញឱសថតាមអនឡាញ ចៀសវាងឱសថក្លែងក្លាយ អន់គុណភាព និងគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវ ដែលបង្កឲ្យប៉ះពាល់ដល់ សុខភាព ឬអាយុជីវិត។
លោក មៀច សុផាន់ណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការប្រយុទ្ធ ប្រឆាំងផលិតផលក្លែងក្លាយ បានថ្លែងបែបនេះ នៅក្នុងសន្និសីទសារព័ត៌មាន នៅល្ងាចថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៨ នេះ ក្រោយបញ្ចប់សន្និសីទអន្តរជាតិ ស្ដីពី «ការប្រយុទ្ធប្រឆាំងឱសថ ក្លែង ក្លាយ អន់គុណភាព និងគ្មានច្បាប់អនុញ្ញាត»។
លោក មៀច សុផាន់ណា បានព្រមានបិទការផ្សព្វផ្សាយលក់ឱសថនៅតាមអនឡាញ ឬតាម Facebook និងបង្ក្រាបរាល់ការផលិត ការចែកចាយឱសថ ខុសច្បាប់ ដោយមិនលើកលែងជា ដាច់ខាត និងត្រូវផ្ដន្ទាទោសតាមផ្លូវច្បាប់ជាធរមាន៕