នៅ​ក្រសួងយុត្តិធម៌ អ្នករាយការណ៍​ពិសេស UN មិន​លើក​ពី​ករណី​លោក កឹម សុខា ទេ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 7 November, 2018 ក+ ក-

»
​ភ្នំពេញ ៖ ក្នុងជំនួប​ជាមួយ​មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួងយុត្តិធម៌ លោកស្រី រ៉ូ​ណា ស្មី​ត អ្នករាយការណ៍​ពិសេស​ទទួលបន្ទុក​ស្តីពី​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា មិនបាន​លើកឡើង​ពី​បញ្ហានយោបាយ និង​ពី​ករណី​លោក កឹម សុខា ដែល​កំពុង​ជាប់ពន្ធនាគារ​នោះទេ ។​

​នេះ​បើតាម​ការអះអាង​របស់​លោក ជិន ម៉ា​លីន អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ ក្រោយពេល​បញ្ចប់ ជំនួប​ពិភាក្សា​រវាង​លោកស្រី រ៉ូ​ណា ស្មី​ត ជាមួយ​លោក ជីវ សុង​ហាក់ រដ្ឋលេខាធិការ​ក្រសួងយុត្តិធម៌ នា​ព្រឹក​ថ្ងៃទី​៦ ខែវិច្ឆិកា ម្សិលមិញ​នេះ​។​

​លោក ជិន ម៉ា​លីន បាន​អះអាងថា លោកស្រី បានលើកឡើង​តែ​ពី​ករណី​ដែល​អ្នក​ជាប់ពន្ធនាគារ មាន​ចំនួន​ច្រើន ហើយ​ស្នើ​ឲ្យ​ក្រសួង​រក​វិធានការ​ដោះស្រាយ និង​ពី​បញ្ហា​ច្ចេកទេស​ក្នុងការ​ដោះ ស្រាយ​ផ្លូវច្បាប់​ប៉ុណ្ណោះ​។​

​សូម​រំលឹកថា គិត​ទាំង​លើក​នេះ លោកស្រី រ៉ូ​ណា ស្មី​ត បាន​ជួបពិភាក្សា​ជាមួយ​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​ក្នុង​អាណត្តិ​លោកស្រី​ជា​អ្នករាយការណ៍​ពិសេស​ទទួលបន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា មាន​ចំនួន​៦​លើក​ហើយ​៕