បន្ទាប់ពីមានករណីធ្លាក់រថយន្តដឹកដីសង្កត់តៃកុងរថយន្តម្នាក់ស្លាប់ សមត្ថកិច្ចចម្រុះបានចុះត្រួត ពិនិត្យចំណុចអាជីវកម្មដីនៅភ្នំលៀបនៅព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៨ នេះ ស្ថិតនៅភូមិ ទ្រយោង ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ដោយបានឃាត់ខ្លួនថៅកែធ្វើអាជីវកម្មដីភ្នំលៀប ដើម្បីចាត់ការតាមផ្លូវច្បាប់ និងបានបញ្ចប់អាជីវកម្មដីភ្នំលៀប ទាំងស្រុង ។
ប្រធានមន្ទីររ៉ែ និងថាមពលខេត្ត លោក សុត វឌ្ឍនា បានឱ្យដឹងថា ក្រុមហ៊ុនអាជីវកម្មដីភ្នំលៀប នេះ មានច្បាប់អនុញ្ញាតឱ្យជីក្នុងបរិវេណរណ្តៅចាស់ប៉ុណ្ណោះ។ ប៉ុន្តែក្រុមហ៊ុនបានបំពានជីកខុសគោល ដៅ ហើយបង្កឲ្យមានគ្រោះថ្នាក់ស្លាប់មនុស្សថែមទៀត ដូច្នេះ ត្រូវបានគណៈកម្មការចម្រុះបញ្ឈប់អាជីវកម្មទាំងស្រុង។
សូមបញ្ជាក់ថា កាលពីថ្ងៃទី៤ ខែវិច្ឆិកា រថយន្តជនរងគ្រោះ បានបើកឡើងលើភ្នំលៀប ដើម្បីឈប់រង់ចាំអេស្កាវ៉ាទ័រ កាយដីដាក់លើរថយន្ត តែចៃដន្យអាក្រក់ រថយន្តនោះបានរអិលធ្លាក់ក្រឡាប់មក ក្រោម សង្កត់អ្នកបើកបរស្លាប់តែម្តង៕