មន្ត្រី​ទូត​អាមេរិក ស្វែងរក​ច្រក​ដើម្បី​បើក​ដំណើរការ​វិទ្យុ VOA និង RFA ឡើងវិញ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 9 November, 2018 ក+ ក-

​ភ្នំពេញ ៖ ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា ជិត​ផុត​អាណត្តិ បាន​អះអាងថា ស្ថានីយ​វិទ្យុ​ចំនួន​ពីរ​គឺ​វិទ្យុ​អាស៊ីសេរី (RFA) និង​វី​អូ​អេ (VOA) កំពុង​ឈានទៅ​ធ្វើការ​ដោះស្រាយ​លើ​បញ្ហា​ពន្ធ ជូន​រដ្ឋាភិបាល​កម្ពុជា ដើម្បី​ធ្វើការ​ផ្សាយបាន​ឡើងវិញ​។​

​ការ​ថ្លែង​បែបនេះ នៅក្រោយពី​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​កម្ពុជា លោក William A. Heidt បាន​ជួប​ជាមួយ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​លោក លោក ខៀវ កញា​រី​ទ្ធ បាន​ជជែក​ពី​ការ​ដំណើរការ​វិទ្យុ​ទាំងពីរ​។ នេះ​បើ​យោងតាម​ការដកស្រង់​សំដី​ចេញផ្សាយ​ដោយសារ​ព័ត៌មាន​រដ្ឋ AKP​។​
​លោក William A. Heidt បញ្ជាក់ថា នៅពេលដែល​ដោះស្រាយ​ចប់ ស្ថានីយ​វិទ្យុ​របស់​អាមេរិក​ទាំងពី​រ អាចធ្វើ​សកម្មភាព​ផ្សាយបាន​ឡើងវិញ​នៅ​កម្ពុជា ដើម្បី​ចូលរួម​លើកកម្ពស់​សេរីភាព​សារព័ត៌​មាននៅ​កម្ពុជា​។​

​គួ​រម្លឹកថា កាលពី​ចុងឆ្នាំ​២០១៧ វិទ្យុ​អាស៊ីសេរី​បានសម្រេច​បិទ​ការិយាល័យ​របស់ខ្លួន​នៅ​ភ្នំពេញ បន្ទាប់ពី​មាន​បញ្ហា​ចម្រូង ចម្រាស់​លើ​បញ្ហា​ពន្ធ​ជាមួយ​រដ្ឋាភិបាល​។ ទន្ទឹម​នោះ ស្ថានីយ៍​វិទ្យុ​ក្នុងស្រុក​ចំនួន​៣២ ដែល វិទ្យុ​អាស៊ីសេរី វិទ្យុ​វី​អូ​អេ និង សារព័ត៌មាន​មួយ ចំនួន​ទៀត​ជួល​ម៉ោង​សម្រាប់​ផ្សាយ​ក៏ត្រូវ​ក្រសួង ព័ត៌មាន សម្រេច​ឲ្យ​ផ្អាក​ដល់​បច្ចុប្បន្ន​ផងដែរ ដោយ​ចាត់ទុកថា បានធ្វើ​ប្រតិបត្តិ​ការបំពានច្បាប់ ៕