ភ្នំពេញ ៖ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងវាយប្រហារភ្លាមៗឆ្លើយតបទៅលោក សម រង្ស៊ី ប្រធានចលនាសង្គ្រោះជាតិថា នឹងគ្មានការដោះលែងលោក កឹម សុខា នៅចុងឆ្នាំនេះទេ ដោយឲ្យរង់ចាំរហូតដល់ «សេះដុះស្នែង»។
សម្តេចតេជោ បានថ្លែងបែបនេះ នៅក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ និយោជិត ជាង ២៣០០០ នាក់មកពីរោងចក្រ សហគ្រាសចំនួន ២០ ស្ថិតក្នុងស្រុកបាទី ខេត្តតាកែវ កាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៨ បន្ទាប់ពីលោក សម រង្ស៊ី បានបង្ហោះសារញុះញង់ ដោយព្រលយពាក្យពីផ្ទៃក្នុងរបស់គណបក្សប្រជាជនកម្ពុជា ថា លោក កឹម សុខា នឹងត្រូវដោះលែងនៅថ្ងៃទី២៩ ខែធ្នូ ចុងឆ្នាំនេះ។
សម្រាប់អ្នកវិភាគបានចាត់ទុកការនៅតែបន្តប្រើវោហារស័ព្ទឌឺដងដាក់គ្នារបស់អ្នកនយោបាយជាន់ខ្ពស់ទាំង ២ រូបនេះថា ពុំមានផ្តល់ផលប្រយោជន៍អ្វីឡើយ ហើយជាទូទៅគេសង្កតឃើញលោក សម រង្ស៊ី តែងតែដុតឲ្យមានកម្តៅនយោបាយនៅកម្ពុជាមិនឲ្យស្រុកទេសបានស្ងប់ស្ងាត់ទេ។
គួររំឭកថា លោក កឹម សុខា អតីតប្រធាន អតីតគណបក្សសង្គ្រោះជាតិនៅពេលនេះ កំពុងជាប់ឃុំនៅក្នុងផ្ទះរបស់លោកក្រោមការត្រួតពិនិត្យរបស់តុលាការ ចាប់តាំងពីខែកញ្ញា ឆ្នាំ ២០១៨ មកម្ល៉េះ។ លោកត្រូវបានចាប់ឃុំខ្លួន និងចោទប្រកាន់ដ៏ចម្រូងចម្រាសមួយពីបទ «សន្ទិដ្ឋិភាពជាមួយបរទេស» ឬបទ «ក្បត់ជាតិ» ឃុបឃិតជាមួយបរទេស ប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់របស់ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ចាប់តាំងពីខែកញ្ញា ឆ្នាំ ២០១៧ មក។ ក្នុងងបទចោទប្រកាន់នេះ ប្រសិនបើតុលាការរកឃើញពិរុទ្ធភាពលោក កឹម សុខា ប្រឈមជាប់ពន្ធនាគារចន្លោះពី ១៥ ទៅ ៣០ ឆ្នាំឯណោះ។
ទោះជាយ៉ាងនេះក្តី សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា សម្តេចគ្មានសិទ្ធិនឹងចុះហត្ថលេខានឹងឲ្យព្រះមហាក្សត្រលើកលែងទោសឲ្យអ្នកណាទាំងអស់ នៅពេលអ្នកណាក៏ដោយ ដែលកំពុងស្ថិតក្នុងក្របខណ្ឌនៃពិរុទ្ធជន ឬក៏សាលក្រមមិនទាន់ចូលស្ថាពរ៕