ភ្នំពេញ ៖ តុលាការភ្នំពេញកាលពីព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៥ បានចំណាយពេលជិត៥ម៉ោង ក្នុងការសួរដេញដោល អតីតឧត្តមសេនីយ៍ទោផ្កាយ២ និងជាប្រធានក្រុមហ៊ុនដឹកជញ្ជូនជីអេសធី លោក គឹម ម៉ារិនថា និង កូនប្រសារ។
ក្នុងសំណុំរឿងសម្លាប់ភរិយានិងកូនស្រីអាយុ៦ឆ្នាំ រួចយកសពទម្លាក់ចោល ក្នុងជ្រោះពេជ្រនិល។ លោកចៅក្រម ហេង កេសរោ បានប្រកាស ថា សាលក្រមសំណុំរឿងនេះ នឹងត្រូវសម្រេចនៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៥ ខាងមុខនេះ។
លោក គឹម ម៉ារិនថា បានសារភាពក្នុងសវនាការថា ខ្លួនពិតជាបានច្របាច់កសម្លាប់ភរិយាប្រាកដមែន ព្រោះតែភ្លើងប្រច័ណ្ឌ ។ ដោយឡែកកូនស្រីអាយុ៦ឆ្នាំ បានស្លាប់ដោយសារឧបទ្ទវហេតុធ្លាក់ពីលើកាំជណ្តើរ ពេលឈរមើលម្តាយឪពុកឈ្លោះប្រកែកគ្នា។
នៅខណៈនោះជនជាប់ចោទរូបនេះ បន្តថា ភរិយាឈ្មោះ វ៉ា ដារី អាយុ៣០ឆ្នាំ បានលួចផិតក្បត់ទៅមានសាហាយស្មន់ ហើយខ្លួនបានណែនាំកុំឲ្យប្រព្រឹត្តអំពើបែបនេះតទៅទៀត ដោយសុខចិត្តឲ្យប្រាក់យកទៅលេង ល្បែងរាល់ថ្ងៃ ដើម្បីចៀងវាងអំពើផិត តែភរិយាពុំព្រមធ្វើតាមឡើយ។ លុះដល់ថ្ងៃកើតហេតុ ខ្លួនក៏បានឈ្លោះប្រកែកគ្នា រហូតជ្រុលដៃច្របាច់កភរិយារហូតដល់ស្លាប់តែម្តង។
លោកក៏បានបញ្ជាក់ដែរថា កូនប្រសារឈ្មោះ ជា សុខសំណាង ពុំមានការពាក់ព័ន្ធក្នុងបទល្មើសនេះទេ ពោលគឺគ្រាន់តែទទួល បញ្ជាពីខ្លួនឲ្យយកធុងទឹកកកធំមួយ យកទៅទម្លាក់នៅជ្រោះពេជ្រនិល តែម្តងប៉ុណ្ណោះ ។
ចំណែកឈ្មោះ ជា សុខសំណាង បានបដិសេធ ថាខ្លួនពុំបានប្រព្រឹត្តបទល្មើសដូចការចោទប្រកាន់នោះទេ ដោយសំណូមពរឲ្យតុលាការរកយុត្តិធម៌។ លោកស្រី ស៊ឺ វណ្ណី ជាតំណាងអយ្យការ បានសន្និដ្ឋានតម្កល់ការចោទប្រកាន់ទៅលើជនជាប់ចោទទាំងពីរនាក់ដដែល។
ឪពុកក្មេករួមនិងកូនប្រសារទាំងពីរនាក់នេះ ត្រូវបានតុលាការចោទប្រកាន់ពីបទឃាតកម្មគិតទុកជាមុន និងបទសមគំនិត តាមមាត្រា ២០០ និង មាត្រា ២៩ នៃក្រមព្រហ្មទណ្ឌ ដែលអាចប្រឈមមុខនឹងការ ជាប់ពន្ឋនាគារ អស់មួយជីវិត ប្រសិនបើតុលាការរកឃើញថា មានពិរុទ្ឋភាពដូចការចោទប្រកាន់មែន ។
សូមរំឭកថា ដើមចមដែលនាំឲ្យមានការចោទប្រកាន់នេះគឺ កើតឡើង កាលពីវេលាម៉ោង៨: ៣០នាទី ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៤ ខណៈអ្នក ដំណើរតាមដងផ្លូវជាតិលេខ៤ ឆ្ពោះទៅកាន់ខេត្តព្រះសីហនុ បានប្រទះឃើញសាកសព ស្ត្រីរងគ្រោះឈ្មោះ វ៉ា ដារី អាយុ៣០ឆ្នាំ និង កូនស្រីម្នាក់អាយុ៦ឆ្នាំ ត្រូវបានឃាតករច្រក ថង់ប្លាស្ទិកយកទៅបោះចោល នៅចំណុចភូមិទី៦ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ មានចម្ងាយប្រមាណ៦០ម៉ែត្រ ខាងលិចអាស្រមលោកយាយម៉ៅព្រេជនិល ។
ក្រោយកើតហេតុ សមត្ថកិច្ចបានបើកការស៊ើបអង្កេតអស់រយៈពេលជាច្រើនខែ រហូត ឈានដល់ ការឃាត់ខ្លួនឈ្មោះ ជា សុខសំណាង ត្រូវជាកូនប្រសាររបស់ឧត្តមសេនីយ៍ទោផ្កាយ២ ឈ្មោះ គឹម ម៉ារិន្ថា រួចបានបញ្ជូនសំណុំរឿងនឹងជនសង្ស័យ មកតុលាការ ដើម្បីចាត់ការបន្តតាមច្បាប់ ។
នៅដំណាក់សមត្ថកិច្ច ឈ្មោះ ជា សុខសំណាង បានបដិសេធ ថា ខ្លួនមិនមែន សម្លាប់ស្រី កំណាន់និងកូនស្រីរបស់ឪពុកក្មេកនោះទេ។ ជនសង្ស័យ បាន រៀបរាប់ថា នៅយប់មួយ ខ្លួនត្រូវបាន ឪពុកក្មេក ប្រើឲ្យសែងទឹកកកធំមួយពីបន្ទប់ដេករបស់គាត់ ដាក់ចូលក្នុងរថយន្តឡិចស៊ីស៤៧០ ដឹកយកទៅ ទម្លាក់ចោលនៅជើងភ្នំពេជ្រនិល ហើយ ពេលនោះ កូនប្រុសបង្កើតរបស់ឪពុកក្មេក ក៏បានចូលរួមផងដែរ ព្រមទាំងសន្តិសុខម្នាក់ទៀត ជួយលើកធុងទឹកកកដាក់ចូលក្នុងរថយន្ត។ ពេលទៅដល់ជើងភ្នំពេជ្រនិល កូនប្រុសបង្កើត របស់ឪពុកក្មេក បានបើកធុងនោះមើល ទើបខ្លួនដឹងថា ក្នុងធុងទឹកកកនោះ មាន សាកសពមនុស្ស តែមិនដឹងថាជាសពអ្នកណានោះទេ ។ ពេលទម្លាក់សាកសព ចោលរួច ហើយ ខ្លួនក៏បើករថយន្តមកភ្នំពេញ វិញ តែដល់ពាក់កណ្តាលផ្លូវ ខ្លួនបានបោះ ចោលធុងទឹកកក នោះចោល ។
ក្រោយហេតុការណ៍នោះ ឪពុកក្មេក និង កូនប្រុសបង្កើត របស់ឪពុកក្មេក ព្រមទាំងខ្លួនឯងផ្ទាល់ បានរត់គេចខ្លួន តែក្រោយមកក៏ត្រូវសមត្ថកិច្ច ចាប់ខ្លួនតែម្តង ៕