ខេត្តកំពង់ចាម ៖ លោក គួច ចំរើន អភិបាលខេត្តកំពង់ចាម បានដឹកនាំកិច្ចប្រជុំបន្ទាន់មួយ នៅថ្ងៃទី១១ខែវិច្ឆិកា នេះ ដើម្បីរិះរកវិធីជួយសង្គ្រោះស្រូវរាប់ពាន់ហិកតាដែលកំពុងប្រឈមនឹងគ្រោះរាំងស្ងួតធ្ងន់ធ្ងរ។ ថ្លែងក្នុងកិច្ចប្រជុំនេះ លោកអភិបាលខេត្ត បានបញ្ជាឲ្យមន្ត្រីជំនាញ ត្រូវចាត់វិធានការបន្ទាន់ ដោយមិនអាចបង្អែរបង្អង់បានឡើយ។
តាមព័ត៌មានពីរដ្ឋបាលខេត្តកំពង់ចាម បានឲ្យដឹងថា គ្រោះរាំងស្ងួតនេះ បានប៉ះពាល់ផ្ទៃដីប្រមាណ ១៥.៣១១ ហិកតា ក្នុងនោះស្រូវវស្សាចំនួន ១៤.២៣៧ ហិកតា និងស្រូវប្រាំង ១.០៧៤ ហិកតា ស្ថិតនៅក្នុងឃុំចំនួន៣៨ ក្នុងស្រុកចំនួន៥ នៅខេត្តកំពង់ចាម ។
លោក អុំ វិបុល ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាម បានរាយការណ៍ថា មន្ទីរបានបូមទឹកជួយសង្គ្រោះស្រូវរាំងស្ងួតចំនួន ១.៨៧០ហិកតា។ លោកអះអាងថា ផ្ទៃដីដែលរងគ្រោះជាងគេ គឺនៅស្រុកព្រៃឈរដែលរងគ្រោះចំនួន ៥.០៤៩ ហិកតា៕ ដោយ ៖ សុផល