ភ្នំពេញ៖ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច មានព្រះបន្ទូលថា អ្នកម្នាង អ៊ុក ផល្លា បានធូរស្បើយខ្លះហើយ បន្ទាប់ពីវះកាត់នៅមន្ទីរពេទ្យបំរុងរ៉ាត់ នៅប្រទេសថៃ រួចមក។
កាលពីរសៀលថ្ងៃទី២២ ខែឧសភា សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បានយាងត្រឡប់ពីប្រទេសថៃ បន្ទាប់ពីព្រះអង្គបានទៅប្រទេសថៃ មើលថែអ្នកម្នាងផល្លា ខណៈដែលព្រះអង្គ និងអ្នកម្នាង ជួបហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ កាលពីខែមេសា នៅលើកំណាត់ផ្លូវជាតិលេខ៦A ក្នុងខេត្តកំពង់ចាម។
សម្តេចក្រុមព្រះ បានមានព្រះបន្ទូល ប្រាប់ក្រុម អ្នកកាសែត នៅឯព្រលានយន្តហោះអន្តរជាតិភ្នំពេញថាអ្នកមា្នង អ៊ុក ផល្លា មានស្ថានភាពជំងឺធូរស្រាលជាងមុនហើយ ប៉ុន្តែអ្នកម្នាង ត្រូវបានក្រុមគ្រូពេទ្យធ្វើការវះកាត់ចំនួន បីដង។
សម្តេចក្រុមព្រះ បញ្ជាក់ថា «លើកទី១គ្រូពេទ្យវះផ្នែកក្បាល ទី២វះត្រង់កញ្ចឹងកដែលត្រូវបែកឆ្អឹង ហើយលើកទី៣គ្រូពេទ្យវះកាត់ឆ្អឹងដងកាំបិត។ ស្ថានភាពអ្នកម្នាងមានភាពធ្ងន់ធ្ងរ ប៉ុន្តែបន្ទាប់គ្រូពេទ្យវះកាត់ទាន់ពេល យើងអាចសនិដ្ឋានបានថាអ្នកម្នាងរួចផុតពីសេចក្តីស្លាប់។
ព្រះអង្គជម្រាបថា គ្រោះថ្នាក់ចរាចរណ៍នោះ គឺនៅពេលដែលព្រះអង្គ និងអ្នកម្នាងចុះជួបសកម្មជនហ្វ៊ុនស៊ិនប៉ិចនៅខេត្តកំពង់ចាម ហើយត្រឡប់មកវិញជួបគ្រោះថ្នាក់ចរាចរណ៍។ ព្រះអង្គអវត្តមានអស់រយៈពេលជិតមួយខែមកហើយ តែមិនមានគ្រោះថ្នាក់អ្វីធ្ងន់ធ្ងរនោះទេ។ ព្រះអង្គគិតថាស្ថានភាពជំងឺរបស់អ្នកម្នាង អ៊ុក ផល្លា នឹងវិលទៅរកសភាពដូចដើមវិញ ព្រោះថាព្រះនាងត្រូវបានបញ្ជូនទៅសង្គ្រោះទាន់ពេលវេលា។ គ្រូពេទ្យបានប្រាប់ព្រះអង្គថា អ្នកម្នាងដូចជាមិនមានស្ថានភាពជំងឺធ្ងន់ធ្ងរនោះទេ»។
យ៉ាងណាក្តីសម្តេចក្រុមព្រះ អះអាងថាអ្នកម្នាង អ៊ុក ផល្លា អាចនិយាយស្តីបាន ប៉ុន្តែមិនហ៊ាននិយាយច្រើននោះទេនៅពេលនេះ។ គ្រូពេទ្យកំពុងតែបង្ហាត់អ្នកម្នាងឲ្យធ្វើចលនា សកម្មភាពរាង្គកាយផងដែរ ហើយគ្រូពេទ្យបានឲ្យដឹងថារយៈពេលមួយខែទៀត ជំងឺរបស់អ្នកម្នាង អ៊ុក ផល្លានឹងត្រូវធ្វើការវិវត្តឬអាចនឹងវិលមកមាតុប្រទេសបាន។
សម្តេចក្រុមព្រះ បានបញ្ជាក់ថា ការសម្រាកព្យាបាលអ្នកម្នាងផល្លា មានការជួយឧបត្ថម្ភពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងសម្តចម៉ែ នូវថវិកាខ្លះ សម្រាប់ការចំណាយព្យាបាលភរិយា ក្រោយរបស់ព្រះអង្គនៅប្រទេសថៃ។
ទាក់ទិនបញ្ហាគ្រោះថ្នាក់ចរាចរណ៍នោះសម្តេចក្រុមព្រះបានឲ្យដឹងថា ព្រះអង្គមិនគិតប ណ្តឹងទៅលើអ្នកបង្កហេតុនោះទេ ប៉ុន្តែបញ្ហានេះមេធាវីរបស់ព្រះអង្គកំពុងធ្វើការហើយ៕
សម្តេចក្រុុំព្រះនៅព្រលានយន្តហាោះភ្នំពេញកាលពីថ្ងៃទី22ឧសភា