ភ្នំពេញ ៖ នៅថ្ងៃទី១៥ វិច្ឆិកា ខាងមុខនេះ រដ្ឋសភាជាតិ នឹងពិភាក្សាអនុម័តលើសេចក្តីព្រាងច្បាប់ថវិកាជាតិ ឆ្នាំ២០១៩ និងសេចក្តីព្រាងច្បាប់ផ្សេងទៀត។សេចក្តីព្រាងច្បាប់ទាំងនោះ ត្រូវបានគណៈកម្មាធិការ អចិន្ត្រៃយ៍រដ្ឋសភា ពិនិត្យរួចរាល់ហើយនៅថ្ងៃទី១៣ វិច្ឆិកា នេះ មុននឹងដាក់បញ្ចូលទៅក្នុងកិច្ចប្រជុំ ពេញអង្គ។
សេចក្តីព្រាងច្បាប់ទាំងនោះ រួមមាន៖ ទី១៖ សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៩។ ទី២៖ សេចក្តីព្រាងច្បាប់ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៧។ ទី៣៖ សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើសន្ធិសញ្ញាស្តីបត្យាប័នរវាងព្រះ រាជាណាចក្រកម្ពុជា និងសហព័ន្ធរុស្ស៊ី។
គួររំលឹកថា សេចក្តីព្រាងច្បាប់ថវិកាជាតិ ឆ្នាំ២០១៩ កម្ពុជា គ្រោងខ្ចីថវិកាបរទេសជិត២ពាន់លានដុល្លារ សម្រាប់យកមកអភិវឌ្ឍន៍ប្រទេសផងដែរ ខណៈបច្ចុប្បន្នកម្ពុជាមានទំហំសេដ្ឋកិច្ច ២៤ពាន់លានដុល្លារ។ នេះបើតាមសេចក្ដីថ្លែងការណ៍របស់រាជរដ្ឋាភិបាលនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៨ ស្ដីពីសេចក្ដីព្រាងច្បាប់ថវិកាសម្រាប់ឆ្នាំ២០១៩៕