ភ្នំពេញ ៖ ក្រុមហ៊ុនវិនិយោគផលិតស្ករសដ៏ធំចំនួន ៣នៅក្នុងប្រទេសកម្ពុជា បានផលិតស្ករអំពៅឆៅ (មិនទាន់កែច្នៃ) បានជាង ១២០.១២៦ តោន នៅរយៈពេល៩ខែដំបូងក្នុងឆ្នាំនេះ។
យោងតាមរបាយការណ៍របស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានបង្ហាញថា ក្រុមហ៊ុន Rui Feng (Cambodia) ដែលវិនិយោគលើឧស្សាហកម្មផលិតស្ករអំពៅឈានមុខគេមានតម្លៃ ១,៥ ពាន់លានដុល្លារនៅខេត្តព្រះវិហារ ផលិតស្ករអំពៅបាន ៥៦.៦៦៤ តោន, ក្រុមហ៊ុន Yellow Field (Cambodia) ផលិតបាន ៥១.៤២០ តោន និងក្រុមហ៊ុន Koh Kong Sugar Industry ផលិតបាន ១២.០៤២ តោន ដោយឡែកក្រុមហ៊ុន Phnom Penh Sugar មិនបានផ្ដល់តួលេខនោះទេ។
លោក ស្រី វុឌ្ឍី អ្នកនាំពាក្យក្រសួងកសិកម្ម បានឲ្យដឹងថា «ឧស្សាហកម្មអំពៅមានសក្ដានុពលធំសម្រាប់កសិករ ប្រសិនបើកសិករអាចផលិតអំពៅបានតាមតម្រូវការរបស់ឧស្សាហកម្មនេះ វានឹងមិនគ្រាន់តែផ្ដល់ប្រាក់ចំណេញច្រើនដល់កសិករប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជំរុញកំណើនសេដ្ឋកិច្ចរបស់យើងផងដែរ»៕