ភ្នំពេញ ៖ ជនជាតិខ្មែរ៤នាក់ ដែលបម្រើការងារជាមួយអង្គការសហប្រជាជាតិ បានរងរបួសធ្ងន់ម្នាក់ និង ស្រាល៣នាក់ ក្នុងករណីបំផ្ទុះគ្រាប់បែកអត្តឃាតមួយ នៅទីតាំងរបស់អង្គការសហប្រជាជាតិ ប្រចាំ ក្នុងតំបន់ ហ្កាវ ប្រទេសម៉ាលី ប៉ុន្តែកម្លាំងមួកខៀវកម្ពុជា មិនមានរងរបួសទេ។ នេះបើតាមសេចក្តី ប្រកាសរបស់អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨ ។
សេចក្តីប្រកាសបានបញ្ជាក់ថា ករណីបំផ្ទុះគ្រាប់បែកនេះ កើតឡើងនៅយប់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ ២០១៨ (ម៉ោងនៅប្រទេសម៉ាលី) ត្រូវនឹងព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨ (ម៉ោងនៅកម្ពុជា) បង្កឡើងដោយក្រុមភេរវករបានបើករថយន្តមួយគ្រឿងចូលទៅបំផ្ទុះក្នុងមូលដ្ឋានមួយរបស់អង្គការ សហប្រជាជាតិ បណ្តាលឲ្យស្លាប់ភេរវករម្នាក់ និងជនជាតិម៉ាលី២នាក់ និងរបួសមនុស្សចំនួន ១៤នាក់ផ្សេងទៀត។
សូមបញ្ជាក់ថា ចំពោះកងកម្លាំងរក្សាសន្តិភាពរបស់កម្ពុជា ឬទាហានមួកខៀវ ដែលកំពុងបំពេញ បេសកកម្មនៅតំបន់នេះ មិនមានគ្រោះថ្នាក់ដោយសារហេតុការណ៍ខាងលើនេះទេ៕