ភ្នំពេញ ៖ លោក William A. Heidt ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ដែលនឹងបញ្ចប់អាណត្តិនៅកម្ពុជា នៅចុង ខែនេះ បានអះអាងថា ក្នុងនាមផ្ទាល់ខ្លួនលោកបានស្នើឱ្យរដ្ឋាភិបាលសហរដ្ឋអាមេរិក ពិចារណា ក្នុងការលុបចោលទណ្ឌកម្មទិដ្ឋាការ (Visa) ពីមន្ដ្រីនៃរាជរដ្ឋាភិបាលកម្ពុជា ដើម្បីបន្ដពង្រឹងនូវកិច្ច សហប្រតិបត្តិការរវាងប្រទេសទាំងពីរឡើងវិញ។
លោក William A. Heidt បានលើកឡើងបែបនេះក្នុងជំនួបជាមួយសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ នៅទីស្ដី ការក្រសួងមហាផ្ទៃ។
ជាការឆ្លើយតបសម្ដេចក្រឡាហោម ស ខេង បានថ្លែងអរគុណចំពោះ ឯកអគ្គរាជទូត ដែលបានស្នើ ឱ្យមានការពិចារណា ដើម្បីដកការដាក់ទណ្ឌកម្មនេះ ហើយប្រសិនបើអាមេរិក លុបចោលនូវបំរាម នោះបាន សម្ដេចចាត់ទុកថា នេះជាការផ្ដល់កាដូមួយសម្រាប់កម្ពុជា ដើម្បីលើកកម្ពស់នូវទំនាក់ ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឲ្យល្អប្រសើរឡើងវិញ។
គួរបញ្ជាក់ថា កាលពីខែតុលា ឆ្នាំ២០១៨ កន្លងទៅនេះ ដោយឈរលើគោលការណ៍មនុស្សធម៌ និងធ្វើឡើងតាមសំណើរបស់ សមាជិកព្រឹទ្ធសភា រដ្ឋវ៉ាស៊ីនតោន សហរដ្ឋអាមេរិក លោក ដុក អេរិកសុន (Doug Ericksen) និងតំណាងរាស្ត្រលោក វីនសុន បាយ្ស (Vicent Buys) ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានយល់ព្រមបើកឡើងវិញនូវប្រតិបត្តិការ រុករកអដ្ឋិធាតុទាហានអាមេរិក នៅក្នុងប្រទេសកម្ពុជាឡើងវិញ។
សូមរំឭកថា កាលពីខែកញ្ញា ឆ្នាំ២០១៧ កន្លងទៅ សហរដ្ឋអាមេរិក បានប្រកាសផ្អាកការផ្តល់ទិដ្ឋាការ (Visa) ប្រភេទ B1 និង B2 (ប្រភេទទេសចរណ៍ និងជំនួញ) ដល់មន្ត្រីក្រសួងការបរទេសកម្ពុជា ចាប់តាំងពីថ្នាក់អគ្គនាយករហូតដល់ថ្នាក់កំពូល។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលក៏បានសម្រេចផ្អាកជាបណ្តោះអាសន្ននូវកិច្ចសហប្រតិបត្តិការរុករកអដ្ឋិធាតុទាហានអាមេរិកនៅកម្ពុជាវិញផងដែរ ដើម្បីឆ្លើយតបនឹងទណ្ឌកម្មនេះ៕