សៀមរាប ៖ ទីតាំងលក់គ្រឿងក្រអូបយីហោ សុខ បញ្ញាពេជ្រ ត្រូវបានបង្ក្រាបបន្ទាប់ពីរកឃើញថា បើកគ្មានច្បាប់ទម្លាប់ និងលក់ផលិតផលក្លែងក្លាយ ជាប្រភេទឡេលាយ មានទីតាំងនៅតាមបណ្តោយផ្លូវជាតិលេខ៦ខាងលិចផ្សារលើធំថ្មី ក្នុងភូមិដកពោធិ៍ សង្កាត់ស្លក្រាម ក្រុងសៀមរាប កាលពីវេលាម៉ោង១រសៀល ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨។
ទីតាំងលក់គ្រឿងក្រអូប សុខ បញ្ញាពេជ្រ ដែលមានម្ចាស់ឈ្មោះ ជា ដារ៉េត ភេទប្រុស អាយុ៣៥ឆ្នាំ គឺយើងបានស្រាវជ្រាវរកឃើញការបើកគ្មានច្បាប់ទម្លាប់ និងលក់ផលិតផលឡេក្លែងក្លាយ ដោយដកហូតវត្ថុតាងបាន រួមមាន ៖ ឡេលាយ គ្មានច្បាប់ទម្លាប់ ចំនួន ១១មុខ ស្មើនឹង១.៧០៦ប្រអប់។
យ៉ាងណាក៏ដោយ សមត្ថិកច្ចនៅមិនបញ្ជាក់ច្បាស់ថា តើត្រូវចាត់ការដោយវិធីណានៅឡើយទេ ដោយសារម្ចាស់ទីតាំងខាងលើនេះ បានឆ្លើយសារភាពថា គ្រាន់តែទិញយកមកលក់ ហើយមិនដឹងពីករណីមានកំហុសតាមផ្លូវច្បាប់ដូច្នេះទេ តែសមត្ថកិច្ចអះអាងថា នឹងស្រាវជ្រាវចាប់ខ្លួនអ្នកផលិត ទំនិញក្លែងក្លាយដូចខាងលើនេះ ដើម្បីបញ្ជូនទៅផ្តន្ទាទោសតាមច្បាប់៕