ភ្នំពេញ ៖ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការរំលឹកដល់ម្ចាស់យានយន្តជាលើកទី២ ដែលមិនទាន់បានបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទប្រចាំឆ្នាំ២០១៨ សូមប្រញាប់អញ្ជើញទៅបង់ពន្ធ ឲ្យបានមុនថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨។
ក្នុងសេចក្តីជូនដំណឹងនេះ បានបញ្ជាក់ពីទីតាំងដែលត្រូវទីបង់ពន្ធ ដូចជា នៅតាមសាខាពន្ធដារ ខណ្ឌ ខេត្ត ឬនៅតាមធនាគារកាណាឌីយ៉ា ធនាគារអេស៊ីលីដា ធនាគារកម្ពុជាសាធារណៈ ធនាគារវឌ្ឍនៈ ឬនៅធនាគារអេអិនហ្សិតរ៉ូយ៉ាល់ ជាដើម ដើម្បីចៀសវាងការកកស្ទះ ខណៈកាលបរិច្ឆេទបញ្ជប់បង់ពន្ធបានជិតចូលមកដល់។
បើតាមសេចក្ដីជូនដំណឹង បានបញ្ជាក់ថា ក្នុងករណីខកខានមិនបានបង់ពន្ធទាន់ពេលវេលា តាមការកំណត់ ម្ចាស់យានយន្តនឹងត្រូវទទួលរងនូវទោសទណ្ឌ តាមច្បាប់ស្ដីពីសារពើពន្ធជាធរមាន៕