បន្ទាយមានជ័យ ៖ យ៉ាងហោចមនុស្សបីនាក់ត្រូវបានចាប់ខ្លួនបញ្ជូនទៅសាលាដំបូងខេត្តបន្ទាប់ពីសង្ស័យថាបានជួញដូរនិងចែកចាយគ្រឿងញៀនយ៉ាងសកម្មនៅក្នុងមូលដ្ឋាន។ ការចាប់ខ្លួនធ្វើឡើងដោយកម្លាំងនគរបាលប្រឆាំងគ្រឿងញៀននៃអធិដ្ឋាននគរបាលស្រុកថ្មពួកសហការជាមួយកម្លាំងនគរបាលវរការពារព្រំដែន៨០៧កាលពីរសៀលថ្ងៃទី១៣ខែវិច្ឆិកា ឆ្នាំ២០១៨កន្លងទៅនេះ។
លោក សៅ សារឿន អធិការនៃអធិការដ្ឋាននគរបាលស្រុកថ្មពួកបានអោយដឹងថា ជនសង្ស័យដែលកម្លាំងសហការឃាត់ខ្លួន១-ឈ្មោះ កន ភ័ស ភេទប្រុស អាយុ ៣០ឆ្នាំ រស់នៅភូមិក្កឹបថ្ម ឃុំគោករមៀត ស្រុកថ្មពួក ក្រោយឃាត់ខ្លួនដកហូតវត្ថុតាង ថ្នាំញៀនប្រភេទមេតំហ្វេតាមីនគ្រាប់ចំនួន១៨២គ្រាប់ ខៀវ២គ្រាប់ និងមេតំហ្វេតាមីនម្សៅក្រាមសថ្លា៣ថង់ ។
២-ឈ្មោៈ ឡាំ ត្រេង ហៅ តាក្របី ភេទប្រុស អាយុ៤៣ឆ្នាំ រស់នៅភូមិបន្ទាយមានឬទ្ឋឹ ឃុំគោករមៀត ក្រោយឃាត់ខ្លួនដកហូតវត្ថុតាងថ្នាំញៀនប្រភេទមេតំហ្វេតាមីនគ្រាប់ចំនួន១៥៦គ្រាប់ ម្សៅក្រាមសថ្លាចំនួន៣ថង់តូច។ រីឯជនសង្ស័យទី៣-ឈ្មោះ ទន ថុនា ហៅ ថុ ភេទប្រុស អាយុ១៩ឆ្នាំ ក្រោយឃាត់ខ្លួនសមត្ថកិច្ចរកមិនឃើញវត្ថុតាងជាប់ខ្លួនទេតែបានធ្វើតេស្តលើទឹកនោម ហើយលទ្ធផលបញ្ជាក់ថាមានជាប់សារធាតុញៀន។
លោក សៅ សារឿន បានបន្តថា ក្រោយពីបានធ្វើការសាកសួរចម្លើយលើជនសង្ស័យទាំងបីនាក់រួចមកកម្លាំងជំនាញបានបញ្ជូនជនសង្ស័យរួមទាំងវត្ថុតាងថ្នាំញៀនទៅសាលាដំបូងខេត្តដើម្បីចាត់ការតាមនីតិវិធីនឹងបានធ្វើកំណត់ហេតុបិទផ្ទះឈ្មោះ ឡាំ ត្រេង ហៅតាក្របី ជាបណ្តោះអាសន្នដើម្បីបន្តនីតិវិធីតាមផ្លូវតុលាការ៕