សម្តេច​តេ​ជោ ៖ នៅតែ​បន្ត​ជួយ​ដល់​កុមារ​ពិការ​គ​ថ្លង់ ទោះបី​ពួកគេ​ត្រូវ​បញ្ចូល​ទៅក្នុង​ក្រសួង​អប់រំ​ក្តី
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 19 November, 2018 ក+ ក-

​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​បញ្ជាក់ថា អង្គការ​កុមារ​ពិការ គ ថ្លង់ នានា ដែលមាន កុមារ​រាប់ពាន់​កំពុងស្នាក់នៅ នឹង​ត្រូវធ្វើ​សមាហរណកម្ម​បញ្ចូល​ទៅ​ក្របខណ្ឌ​ក្រសួង​អប់រំ យុវជន និង​កីឡា​ទាំងស្រុង នៅ​ឆ្នាំ​២០១៩ ខាង មុខ ដើម្បី​ផ្តល់ជូន​ពួកគេ​នូវ​ការអប់រំ​ប្រកបដោយ​គុណភាព ព្រម​ជាមួយនឹង​ការបញ្ចូល​គ្រូបង្រៀន ធ្វើការ​ក្នុង​អង្គការ​ឲ្យ​ក្លាយជា​បុគ្គលិក​របស់​រដ្ឋ ផងដែរ​។

​សម្តេច​តេ​ជោ ហ៊ុន សែន បានបញ្ជាក់​បែបនេះ ខណៈ​សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន អញ្ជើញ​សួរសុខទុក្ខ និង​រៀបចំ​អាហារ​ជូន​កុមារ​ពិការ គ​-​ថ្លង់ និង​កុមារកំព្រា នៅ សាលា​គ្រួសារ​ថ្មី ភ្នំពេញ​ថ្មី នៅ​ព្រឹក​ថ្ងៃអាទិត្យ​ទី​១៨ វិច្ឆិកា ម្សិលមិញ​នេះ​។

​សម្តេច​តេ​ជោ ហ៊ុន សែន បានបញ្ជាក់​បន្ថែមថា ទោះបីជា​ត្រូវធ្វើ​សមាហរណកម្ម​នៅក្នុង​ក្រសួង​អប់រំ ទាំងស្រុង​ក៍ដោយ ក៍​ជំនួយ​ឧបត្ថម្ភ​នានា​ប្រចាំខែ មានដូចជា​អង្ករ ថវិកា ជាដើម នឹងមិន​ត្រូវ​កាត់ផ្តាច់ នោះទេ ពោល​សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត នៅតែ​បន្ត​ជួយ​ទំនុកបំរុង​ជា​រៀង​ដរាប​៕