ភ្នំពេញ ៖ ក្រសួងការពារជាតិ បានច្រានចោលភ្លាមៗនូវព័ត៌មានចុះផ្សាយក្នុងសារព័ត៌មានបរទេសដែលបានផ្សាយថា បរទេសកំពុងប្រើប្រាស់ទឹកដីកម្ពុជាធ្វើជាមូលដ្ឋានយោធាដែលថា ឈានទៅបង្កើតជាសង្គ្រាមត្រជាក់រវាង ចិន និងសហរដ្ឋអាមេរិក។
ក្រសួងការពារជាតិកម្ពុជា នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨ បានចេញសេចក្ដីថ្លែងការណ៍ដោយច្រានចោលព័ត៌មានខាងលើនេះ ហើយបានចាត់ទុកព័ត៌មានដែលចុះផ្សាយដោយសារព័ត៌មានបរទេស Asian Times ថា ជាព័ត៌មានក្លែងក្លាយ ប៉ះពាល់ដល់កិត្យានុភាពវិស័យយោធា និងគោលការណ៍អព្យាក្រឹតរបស់កម្ពុជា។
ក្នុងសេចក្ដីថ្លែងការណ៍ថា បានបញ្ជាក់ថា កម្ពុជាមិនបានចូលរួមជាមួយសង្គ្រាមត្រជាក់ ឬអនុញ្ញាតឲ្យបរទេសណាមួយប្រើប្រាស់ទឹកដីរបស់ខ្លួន ធ្វើជាមូលដ្ឋានយោធានោះឡើយ។
សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា ឲ្យដឹងថា ក្នុងជំនួបមួយជាមួយ រដ្ឋមន្ដ្រីការបរទេស លោក ប្រាក់ សុខុន កាលពីថ្ងៃទី១៥ ខែវិច្ឆិកា នៅក្រៅកិច្ចប្រជុំកំពូលអាស៊ាន នៅប្រទេសសិង្ហបុរីនោះ អនុរដ្ឋមន្ដ្រីការបរទេសអាមេរិក លោក John Sullivan ក៏បានលើក ពីបញ្ហានេះទៅកាន់ភាគីកម្ពុជាផងដែរ ដោយថា វានឹងធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់ទំនាក់ទំនង ប្រទេសទាំងពីរ។
ប៉ុន្ដែ លោក ប្រាក់ សុខុន ក៏បានច្រានចោលដោយថា គ្មានការរៀបចំមូលដ្ឋានកងទ័ព ជើងទឹកនៅតំបន់ឆ្នេរសមុទ្រកម្ពុជានោះទេ។ លោកចាត់ទុកថា នេះជាពាក្យចចាមរាមដែលកើតចេញពីទំហំវិនិយោគដ៏ធំរបស់ចិន នៅក្នុងតំបន់នេះតែប៉ុណ្ណោះ។
ចំណែកសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាក៏បានថ្លែងនៅថ្ងៃនេះដែរដោយសម្តេចបញ្ជាក់ ថា តើកម្ពុជាមានការចាំបាច់រំលោភរដ្ឋធម្មនុញ្ញខ្លួន អនុញ្ញាតឲ្យមានមូលដ្ឋានយោធាបរទេសលើទឹកដីកម្ពុជាឬទេ?”សម្តេច ហ៊ុន សែន មានប្រសាសន៍ដូច្នេះក្នុងកិច្ច ប្រជុំគណៈរដ្មមន្ត្រី នៅព្រឹកថ្ងៃចន្ទទី១៩ ខែវិច្ឆិកា នេះ ។
សម្តេចមានប្រសាសន៍ថា តើកម្ពុជាត្រូវការកងទ័ពបរទេសដើម្បីច្បាំងជា មួយអ្នកណា? ហើយខ្ញុំ ក៏មិនត្រូវការឲ្យបរទេសមកច្បាំងគ្នានៅលើទឹកដីកម្ពុជាដូចកាលពីអតីតកាលទេ ក៏ដូចជាមិនត្រូវការឲ្យកម្ពុជា ជាទីលានសាកល្បងមនោគមន៍វិជ្ជា ឬអាវុធឡើយ ។
សម្តេច ហ៊ុន សែន បានសង្កត់ធ្ងន់ថា យើងចង់ចងមិត្តជាមួយគ្រប់ប្រទេសលើសកលលោក ។ កងទ័ពកម្ពុជាដាច់ខាតមិនចូលរួមក្នុងកិច្ចប្រតិបត្តិការយោធាជាមួយប្រទេសណាទាំងអស់ លើកលែងតែក្រោមឆត្ររបស់អង្គការសហប្រជាជាតិ ៕