ពេទ្យសត្វ​ចាប់​សាច់មាន់​ខូចគុណភាព​ជាង​មួយ​តោន​នៅ​ប៉ោយប៉ែត​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 19 November, 2018 ក+ ក-

​បន្ទាយមានជ័យ : កម្លាំង​ជំនាញ​ពេទ្យសត្វ​នៃ​មន្ទីរ​កសិកម្ម​ខេត្តបន្ទាយមានជ័យ​បាន​ដេញ​ស្ទាក់ចាប់​រថយន្ត​មួយគ្រឿង​ដែល​សង្ស័យថា​បាន​ដឹក​ផលិតផល​បក្សី​ខូចគុណភាព​ដែល​នាំចូល​ពី​ប្រទេស​ថៃ​ដោយ​ខុសច្បាប់​។ ការស្ទាក់ចាប់​ធ្វើឡើង​នៅ​ម៉ោង​១២​និង​៣០​នាទី​សៀ​ល​ថ្ងៃទី​១៩​ខែវិច្ឆិកា​ឆ្នាំ​២០១៨​នៅមុខ​អធិការដ្ឋាន​នគរបាល​ក្រុង​ស្ថិត​ក្នុងភូមិ​ផ្សារកណ្តាល​សង្កាត់​ផ្សារកណ្តាល​ក្រុង​ប៉ោយប៉ែត​ខេត្តបន្ទាយមានជ័យ​។

លោក ហ៊ុយ ទូច ប្រធានការិយាល័យ​ផលិតកម្ម​និង​បសុព្យាបាល​ខេត្ត​បាន​និយាយថា ដោយ​ទទួលបាន​ព័ត៌មាន​ពាក់​ព​ន្ធ័​នឹង​ការដឹកជញ្ជូន​ផលិត​បក្សី​ដែល​ខូចគុណភាព និង​ក្រោម​ការសម្របសម្រួល​ពី​លោក តេង សា​ម៉ៃ ព្រះ​រា​ជ្ញា​រង​អម​អយ្យការ​សាលាដំបូង​ខេត្ត​កម្លាំង​ជំនាញ​បាន​ប្រតិបត្តិ​ការដេញ​ស្ទាក់​និង​ចាប់​រថយន្ត​បាន​នៅ​ចំនុច​មុខ​អធិការដ្ឋាន​នគរបាល​ក្រុង ប៉ោយប៉ែត​។ ក្រោយ​ស្ទាក់​ជាប់​អ្នកបើកប​រថយន្ត​ប្រព្រឹត្ត​ក៏បាន​បើកទ្វារ​រត់គេច​ចេញពី​កន្លែងកើតហេតុ ។

លោក ហ៊ុយ ទូច បាន​បន្តថា​ក្រោយពី​បាន​រើ​និង​ថ្លឹង​ផលិតផល​បក្សី ចុង​ស្លាប​និង​កោះមាន​ចំនួន​១២៨៤​គីឡូក្រាម ស្មើនឹង​១០៧​កេះ​។ ហើយដោយ​អនុវត្ត​ទៅតាម​វិធាន​មន្ត្រី​ពេទ្យសត្វ​និង​ក្រោម​ការឯកភាព​ពី​លោក​ព្រះ​រា​ជ្ញា​ផលិតផល​បក្សី​ទាំងនេះ​ត្រូវបានធ្វើ​ការដុត​កម្ទេច​ចោល​នៅ​ទីធ្លា​ក្នុងភូមិ​ខ្លា​កូន​សង្កាត់​កំពង់ស្វាយ​ក្រុង​សិរីសោភ័ណ​។

លោក​ប្រធានការិយាល័យ​បានបញ្ជាក់​ផងដែរ​ថា ក្រោម​ការណែនាំ​របស់លោក តាន់ ផាន់​ណា​រ៉ា អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ​និង​ផលិតកម្ម​សត្វ និង​ដើម្បី​លើកកម្ពស់​សុខុមាលភាព​ប្រជាពលរដ្ឋ​មន្ត្រី​ជំនាញ​តែងតែ​ធ្វើការ​អប់រំ​ណែនាំ​និង​ទប់ស្កាត់​នូវ​ផលិតផល​បក្សី​ដែល​ឈ្មួញ​លួច​ធ្វើ​ចរាចរណ៍​ឆ្លងកាត់​ពី​ប្រទេសជិតខាង​មក​ដុត​កម្ទេចចោល​ជា​បន្តបន្ទាប់​។