ស្ទឹងត្រែង ៖ រដ្ឋបាលខេត្តស្ទឹងត្រែង នៅរសៀលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨ នេះ បានប្រារព្ធពិធីប្រណាំងទូក «ង» នៅលើផ្ទៃទឹកទន្លេសេកុង ទីរួមក្រុងស្ទឹងត្រែង ដើម្បីអបអរនៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែត ប្រទីប អកអំបុក និងសំពះព្រះខែ ដោយមានទូកចូលរួមប្រណាំងចំនួន១៥ទូក មកពីបណ្តាក្រុង ស្រុក និងមន្ទីរអង្គភាពជុំវិញខេត្ត។
ពិធីប្រណាំងទូក «ង» ជាលើកទី២ នៅខេត្តស្ទឹងត្រែង នេះ ក្រោមវត្តមានអញ្ជើញជាអធិបតីពីដោយ លោក ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង និងលោក ឈឹម រចនា ប្រធានក្រុមប្រឹក្សាខេត្តថ្នាក់ដឹក នាំខេត្ត មន្ត្រីរាជការ មន្ទីរអង្គភាពជុំវិញខេត្ត ភ្ញៀវជាតិ-អន្តរជាតិ សិស្សនិស្សិត និងបងប្អូនប្រជាពល រដ្ឋ យ៉ាងច្រើនកុះករ។
សូមរំលឹកថា កាលពីឆ្នាំ២០១៧ នៅខេត្តស្ទឹងត្រែង បានរៀបចំពិធីប្រណាំងទូក«ង»ចំនួនមួយលើក រួចមកហើយ ហើយត្រូវបានប្រជាពលរដ្ឋក្នុងខេត្តស្ទឹងត្រែងចាត់ទុកថា ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ សម្រាប់ខេត្ត ព្រោះកន្លងមក ពុំដែលមានព្រឹត្តិការណ៍ប្រណាំងទូក«ង»ថ្នាក់ខេត្តធំបែបនេះឡើយ៕