ភ្នំពេញ៖ស្ត្រីម្នាក់បានស្លាប់ក្រោយពេល សម្រាលកូនបាន3ថ្ងៃនៅក្នុងមន្ទីរពេទ្យជប៉ុន ប៉ុន្តែទារិកាដែលប្រសូតមកនោះមានសុខភាពធម្មតា។សាច់ញាតិស្ត្រីរងគ្រោះបានស្តីបន្ទោសដល់ក្រុមគ្រូពេទ្យថា ប្រើក្រុមគ្រូពេទ្យស្តារ គ្មានជំនាញច្បាស់លាស់អោយមកបង្កើត និងធ្វេសប្រហែស ទើបបង្កអោយមានគ្រោះថ្នាក់ដល់បាត់បង់ជីវិត។
យោងតាមការឲ្យដឹងពីឈ្មោះ កុល ស្រីពេជ្យ អាយុ២៩ឆ្នាំ ដែលអះអាងថា ត្រូវជាប្អូនថ្លៃរបស់ស្ត្រីរងគ្រោះ បានរៀបរាប់ថា បងថ្លៃស្រីរបស់ខ្លួនឈ្មោះ ម៉េង ធារ៉ា អាយុ៣៤ ឆ្នាំមុខជាមេផ្ទះ បានស្លាប់នៅមន្ទីរពេទ្យជប៉ុនដែលស្ថិតខាងជើងវត្តភ្នំ បន្ទាប់ពីសម្រាលកូន និងសម្រាកនៅទីនោះបាន៣ថ្ងៃ។
ស្ត្រីដដែលបន្តថា “បងថ្លៃនាងខ្ញុំបានស្លាប់នៅក្នុងពេទ្យជប៉ុនកាលពីរសៀលថ្ងៃទី២៣ ខែឧសភា កន្លងមកនេះ ដោយសារឆ្លងទន្លេនៅហ្នឹងគេយកតែពេទ្យស្តារក្មេងៗ គ្មានជំនាញ គ្មានវិជ្ជាជីវៈច្បាស់លាស់ មកធ្វើការជំនួសគ្រូពេទ្យជំនាញ ដែលមានបទពិសោធន៍ច្រើនឆ្នាំ ទើបនាំថ្លោះធ្លោយបណ្តាលឲ្យបងស្រីខ្ញុំស្លាប់”។ស្ត្រីដដែលបន្តថា “មុនពេលសម្រាលកូនបងថ្លៃខ្ញុំមានសុខភាពធម្មតា តែគាត់ឈឺពោះតិចៗគេបានអោយសំរាកនៅមន្ទីរពេទ្យនោះរហូតដល់បានសម្រាលកូន និងអោយបន្តសម្រាកនៅទីនោះអស់ពេល៣ថ្ងៃទើបមានបញ្ហាអាក្រក់កើតឡើង គឺរហូតមកដល់ម៉ោង១៧ល្ងាចថ្ងៃដដែល ស្រាប់តែឃើញក្រុមគ្រូពេទ្យគ្មានជំនាញទាំងនោះ រត់ចុះ រត់ឡើងឆ្លេរឆ្លា មកអូសបងស្រីរបស់ខ្ញុំតាមរយ:គ្រែរុញចេញមកខាងក្រៅ ដោយនិយាយយ៉ាងខ្លីថា ស្លាប់បាត់ទៅហើយ។ពេលលឺសំដីនេះ ក្រុមគ្រួសារទាំងមូលមានការតក់ស្លុតរន្ធត់ចិត្តយ៉ាងខ្លាំង “។
អ្នកស្រី កុល ស្រីពេជ្យ បានបន្តថា” ភ្លាមៗនោះក្រុមគ្រូពេទ្យបានយកលុយថ្លៃសម្រាល និងថ្លៃស្នាក់នៅមន្ទីរពេទ្យទាំងអស់ចំនួន ២១ម៉ឺនរៀលមកឲ្យក្រុមគ្រួសារវិញ ព្រមទាំងប្រាប់ឲ្យក្រុមគ្រួសារដឹកយកសពចេញពីពេទ្យយកទៅធ្វើបុណ្យលំនៅដ្ឋានទៅ”។
គួរបញ្ជាក់ថា ស្ត្រីរងគ្រោះមានកូន៣នាក់ ហើយសម្រាលលើកនេះ គឺជាកូនទី៤ (កូនស្រី)បណ្តាលអោយស្លាប់ ចំណេកទារកដែលទើបនឹងកើតមិនមានបញ្ហាអ្វីនោះទេ មានសុខភាពល្អធម្មតា។ ប្តីស្ត្រីរងគ្រោះមានឈ្មោះ កុល សារ៉ាត់ ជាអ្នករកស៊ី រស់នៅក្នុងភូមិប្ញស្សី១ សង្កាត់មានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ក្រុមគ្រួសារស្ត្រីរងគ្រោះ បានបញ្ជាក់ថា បន្ទាប់ពីពួកគាត់ធ្វើបុណ្យសពជនរងគ្រោះរួចរាល់ហើយ គាត់នឹងធ្វើពាក្យបណ្ដឹងប្តឹងពីមន្ទីរពេទ្យជប៉ុន ដាក់ទៅក្រសួងសុខាភិបាលដើម្បីឲ្យជួយអន្តរាគមន៍ចាត់វិធានការរកយុត្តិធម៌ចំពោះការធ្វេសប្រហែលបណ្ដាលឲ្យស្ត្រីជាមាតា ត្រូវស្លាប់ចោលកូន និងប្តី ។
មេគង្គប៉ុសិ៍្ត មិនអាចទាក់ទងទូរស័ព្ទទៅកាន់លោក សំ វ៉ាន់ រិទ្ឋី ប្រធានផ្នែកសម្ភពនៃមន្ទីរពេទ្យជប៉ុន ដើម្បីសុំការបំភ្លឺបានឡើយ នៅព្រឹកថ្ងៃទី២៥ ខែឧសភានេះ ៕ខ រ