ភ្នំពេញ ៖ ក្រុមហ៊ុន Trek Bicycle និងក្រុមហ៊ុន Kent ដែលមានរោងចក្រលផលិតកង់នៅប្រទេសចិន បានសម្រេចដាក់ទីតាំងផលិតកម្មនៅកម្ពុជាជំនួសវិញ ដើម្បីនាំចេញទៅទីផ្សារអាមេរិក។ ការសម្រេចចិត្តនេះដោយសារតែអាមេរិកបានដាក់អត្រាពន្ធកាន់តែខ្ពស់លើទំនិញចិនជាច្រើន ដែលក្នុងនោះរួមមានផលិតផលកង់ផងដែរ។ នេះបើតាមរបាយការណ៍ថ្មីមួយពីគេហទំព័រ Bicycle Retailer ដែលជាស្ថាប័នព័ត៌មានឧស្សាហកម្មកង់ឈានមុខគេ។
គួរជម្រាបថា តាមទិន្នន័យពាណិជ្ជកម្មអាមេរិក បានបង្ហាញថា កម្ពុជាបាននាំចេញកង់ទៅអាមេរិក តម្លៃ ២៤ លានដុល្លារ កាលពីឆ្នាំ ២០១៧ ជាប់ចំណាត់ថ្នាក់ទី ៣ នៅពីក្រោយប្រទេស ចិន ដែលនាំចេញ ៨៧៤ លានដុល្លារ និងកោះតៃវ៉ាន់ ៣៩០ លានដុល្លារ។
ក្រៅពីទីផ្សារអាមេរិក កម្ពុជាបានក្លាយជាប្រទេសផ្គត់ផ្គង់កង់ឈានមុខគេទៅសហភាពអឺរ៉ុបកាលពីឆ្នាំមុន។ កម្ពុជាបាននាំចេញកង់ជាង ១,៤២ លានគ្រឿងកាលពីឆ្នាំមុន កើនឡើង ៩ ភាគរយធៀបនឹង ១,២៩ លានគ្រឿងកាលពីឆ្នាំ ២០១៦៕