ខេត្តតាកែវ ៖ សំណុំរឿងពាក់ព័ន្ធស្ថានីយប្រេងឥន្ធនៈចំនួន១៤ស្ថានីយដែលលក់មិនគ្រប់លីត្រ នៅខេត្តតាកែវ ត្រូវបានសាខាកាំកុងត្រូលខេត្តតាកែវ សម្រេចរៀបចំបញ្ជូនទៅសាលាដំបូងខេត្តជាបន្តបន្ទាប់គ្នាចាប់តាំងពីសប្ដាហ៍កន្លងទៅនេះ បន្ទាប់ពីបានរកឃើញថា ស្ថានីយទាំងនោះបានលក់ប្រេងឥន្ធនៈមិនគ្រប់លីត្រ។
យោងតាមលោក ប៉ោ លាងគង់ ប្រធានសាខាកាំកុងត្រូលខេត្តតាកែវ បានបញ្ជាក់ឲ្យដឹងថា សាខាកាំកុងត្រូលខេត្ត បានរៀបចំបញ្ជូនសំណុំរឿងទៅតុលាការ ដើម្បីធ្វើការវិនិច្ឆ័យរួចហើយ ប៉ុន្ដែមិនទាន់ដឹងថាតុលាការបង្គាប់ឲ្យផាកពិន័យឬយ៉ាងណានោះទេ ដែលនេះជាសិទ្ធិសម្រេចរបស់តុលាការ។
លោកបន្តថា តាមរយៈប្រេងឥន្ធនៈដែលត្រូវបានបញ្ជូនទៅធ្វើការវិភាគនៅមន្ទីរពិសោធន៍របស់អគ្គនាយកដ្ឋានកាំកុងត្រូល ពិតជារកឃើញថា ស្ថានីយប្រេងឥន្ធនៈទាំង ១៤ លក់ប្រេងមិនគ្រប់បរិមាណ និងមិនមានគុណភាពអនុលោមតាមច្បាប់មែន។
លោកបញ្ជាក់ថា៖ «ក្រុមការងារនឹងចុះពិនិត្យជាបន្តបន្ទាប់ ហើយបើរកឃើញស្ថានីយប្រេងឥន្ធនៈណាមួយមិនប្រក្រតី យើងនឹងបញ្ជូនសំណុំរឿងហ្នឹងទៅតុលាការជាបន្តបន្ទាប់ដែរ។ ការចាត់វិធានការនេះ គឺជាយុទ្ធនាការលើកទី ១ និងជាសារព្រមានដល់ម្ចាស់ស្ថានីយទាំងអស់ ដើម្បីកែតម្រូវមកតាមច្បាប់ឡើងវិញ»៕