ភ្នំពេញ ៖ ទូក ង វែងជាងគេជាប់ឯកត្តកម្ម ពិពភលោក បានចូលខ្លួនមកអុំសាកល្បង ត្រៀមបង្ហាញក្នុងពិធីបុណ្យអំទូកជាផ្លូវការ និង ដាក់តាំងបង្ហាញជូនសាធារណៈជនបានទស្សនានៅថ្ងៃបុណ្យអុំទូក ២១ដល់២៣ខាងមុខនេះ។
ទូក ង វែងជាងគេជាប់ឯកត្តកម្ម ពិពភលោក ឈ្មោះ កម្ពោជិកបុត្តាខេមរាតរី នឹងបង្ហាញខ្លួននៅចំពោះព្រះភក្រ័ព្រះករុណាជាម្ចាស់ជីវិតតម្កល់លើត្បូង សម្តេចព្រះបរមនាថនរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ថ្នាក់ដឹកនាំ និង ឥស្សរជនជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា និងប្រជានុរាស្ត្ររាប់លាននាក់ មកទស្សនាផ្ទាល់ និងទស្សនាតាមកញ្ចក់ទូរទស្សន៍ដែលធ្វើការផ្សាយផ្ទាល់ និងបន្ត ផ្ទាល់ នៅក្នុងព្រះរាជពិធីបុណ្យអុំទូកបីថ្ងៃ។ នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ សហភាពសហពន្ធ័យុវជនកម្ពុជា ក៍ដូចជាគណៈកម្មាធិការផលិតទូក ង វែងជាងគេលើពិភពលោក បានរៀបចំពិធីអុំទូកងសាកល្បង នៅរាជធានីភ្នំពេញ ក្រោមវត្តមានឯកឧត្តម ស សុខា ប្រធានគណៈកម្មាធិការផលិតទូក ង វែងជាងគេលើពិភពលោក ដើម្បីអបអរសាទរក្នុងព្រះរាជពិធីអុំទូកបណ្ដែត ប្រទីប សំពះព្រះខែ អកអំបុក ផងដែរ។
ក្នុងការអុំសាកល្បងនេះមានទូក ង វែងជាងគេ ដែលទើបជាប់កំណត់ត្រាពិភពលោកថ្មីៗនេះ ១គ្រឿង និងទូកអម សងខាងចំនួន១០គ្រឿង និង មានការចូលរួម ពីសំណាក់បងប្អូនប្រជាពលរដ្ឋ យ៉ាងសប្បាយរីករាយ នៅទីតាំងផែស្ងួត រាជធានីភ្នំពេញ តាមបណ្ដោយដងទន្លេរសាប ។
ទូក «ង»ដែលវែងជាងគេលើពិភពលោក «កម្ពោជិកបុត្តាខេមរាតរី » នឹងរំកិលខ្លួនមកលើគោកតាមបណ្ដោយផ្លូវព្រះសុធារស ខាងកើតទល់មុខ វាលព្រះមេរុហ៍ ដើម្បីដាក់តាំងបង្ហាញ់ជូនសាធារណៈជនបានទស្សនា ដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី ២៤ ដល់ ថ្ងៃទី ៣០ បន្ទាប់ពីបញ្ចប់ព្រះរាជពិធីអុំទូក បណ្តែងប្រទីប និងអកអំបុក សំពះព្រះខែ។ ឯកឧត្តម ស សុខា ផ្ដល់ជូនអំណោយជាសំភារៈ ស្បៀងអាហារជាគ្រឿងឧបភោគ បរិភោគ រួមមាន អង្ករ មី ត្រី អាវពោង ជាដើម៕