ភ្នំពេញ ៖ គ្រូពេទ្យមួយក្រុមមកពីមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ បានមកបោះទីតាំងនៅលើផែថ្ម ភ្នំពេញ ដើម្បីចាំជួយសង្គ្រោះបឋមចំពោះក្រុមកីឡាករទូក និងបងប្អូនប្រជាពលរដ្ឋដែលបាន មកចូលរួមក្នុងព្រះរាជពិធីបុណ្យអុំទូករយៈពេល៣ថ្ងៃនៅរាជធានីភ្នំពេញ។
លោក ផុង បូរិទ្ធ ប្រធានការិយាល័យរដ្ឋបាលបុគ្គលិកនៃមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ បានថ្លែងថា ដោយមានការយកចិត្តទុដាក់ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាពញាចក្រី ហេង សំ រិន ប្រធានរដ្ឋសភា និងជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តត្បូងឃ្មុំ សម្តេចតែងបានចាត់ឲ្យមាន ក្រុមគ្រូពេទ្យមកប្រចាំការនៅក្នុងព្រះរាជពិធីបុណ្យអុំទូកដើម្បីចាំជួយសង្គ្រោះដល់កីឡាករទូក ក៏ដូចជាបងប្អូនប្រជាពលរដ្ឋទូទៅដែលមានបញ្ហាខាងផ្នែកសុខភាព ដែលជាការងារសង្គ្រោះ បឋម ហើយបើមានបញ្ហាធ្ងន់ធ្ងរយើងនឹងមានការសហការជាមួយក្រុមការងារពេទ្យផ្សេងទៀត ដើម្បីបញ្ជូនពួកគាត់ទៅកាន់មន្ទីរពេទ្យតាមរយៈការដឹកជញ្ជូនតាមរថយន្តសង្គ្រោះបន្ទាន់។
សូមជម្រាបជូនថា ឆ្នាំនេះមានទូកចូលរួមចំនួន ២៩៨ទូក មានកីឡាករ កីឡាការិនី ជាង ១ម៉ឺន ៧ពាន់នាក់ ហើយបើតាមការបញ្ជាក់របស់សាលារាជធានីភ្នំពេញថាអាចមានប្រជា ពលរដ្ឋខ្មែរ រួមនិងជនបរទេសជាង ២លាននាក់នឹងមកចូលរួមទស្សនាការប្រណាំងទូកនៅមុខ ព្រះបរមរាជវាំងរយៈពេល៣ថ្ងៃ ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ៕