ភ្នំពេញ ៖ ថ្វីបើកម្ពុជាធ្វើឲ្យសម្រេចបាននូវការកាត់បន្ថយការរីករាលដាលនៃមេរោគអេដ៍ ជម្ងឺ អេដស៍គួរកត់សម្គាល់យ៉ាងណាក្តី ក៏ស្ថានភាពនៃជម្ងឺមួយនេះមិនទាន់ចប់ទេសម្រាប់កម្ពុជា ពោលគឺយើងមានអត្រាអ្នកឆ្លងថ្មីប្រហែល ៥០០នាក់ ក្នុងមួយឆ្នាំនៅឡើយនារយៈពេលចុង ក្រោយនេះ។
លោក តែង គន្ធី អគ្គលេខាធិការជាតិប្រយុទ្ធនឹងជម្ងឺអេដស៍ កាលពីរសៀលថ្ងៃ អង្គារម្សិលមិញ នៅក្នុងយុទ្ធនាការចុះអប់រំការយល់ដឹង និងការបង្ការមេរោគអេដស៍ទៅដល់ ក្រុមកីឡាករទូក ក៏ដូចជាបងប្អូនប្រជាពលរដ្ឋទូទៅ ដែលត្រូវមកកម្សាន្តសប្បាយនៅក្នុងព្រះ រាជពិធីបុណ្យអុំទូក អកសំបុក បណ្តែតប្រទីប សំពះព្រះខែនៅរាជធានីភ្នំពេញរយៈពេល៣ ថ្ងៃគឺ ថ្ងៃទី២១,២២ និងទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៨ មានប្រសាសន៍ថា តាមការបញ្ជាក់ពី មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជម្ងឺអេដស៍ថា កាលពីឆ្នាំ២០១៧កន្លងទៅនេះមានអត្រាអ្នកឆ្លងថ្មី ប្រហែល ៥០០នាក់ក្នុងមួយឆ្នាំ ដែលបញ្ហានេះនៅតែជាបញ្ហាប្រឈមធ្ងន់ធ្ងរនៅឡើយ ដោយ មើលតែពីខាងក្រៅយើងពុំបានដឹងថា តើនរណាម្នាក់មានផ្ទុកមេរោគអេដស៍ទេក្រៅពីការធ្វើ តេស្តឈាម ដូច្នេះក្នុងនាមអាជ្ញាធរជាតិប្រយុទ្ធនឹងជម្ងឺអេដស៍ឯកឧត្តមអគ្គលេខាធិការ តែង គន្ធី បានអំពាវដល់ពលរដ្ឋសូមកុំស្ទាក់ស្ទើរក្នុងការជួបជាមួយអ្នកធ្វើការជាមួយមេរោគអេដស៍ ជម្ងឺអេដស៍ ដើម្បីស្វែងយល់អំពីការបង្ការមេរោគអេដស៍ ជម្ងឺអេដស៍។
ជាមួយគ្នានេះលោក តែង គន្ធី បានគូសបញ្ជាក់ថា ការប្រើប្រាស់ស្រោមអនាម័យ នៅតែជាមធ្យោបាយល្អបំផុតក្នុងការបង្ការការឆ្លងមេរោគអេដស៍ ជម្ងឺកាមរោគផ្សេងៗ រួមនឹង ការបង្ការការមានផ្ទៃពោះផងដែរសម្រាប់គូស្វាមីភរិយាណាដែលមិនទាន់ចង់បានបុត្រ ឬក៏ចង់ ពន្យាកំណើតនោះ៕