ខេត្តព្រះសីហនុ ៖ រថយន្តទំនើបម៉ាកហ្វ័រទីន័រមួយគ្រឿង និងកាំភ្លើងខ្លីមួយដើមម៉ាក AZ
រួមទាំងលុយកាក់មួយចំនួន ត្រូវបានបុរសអ្នកបម្រើការងារផ្ទះម្នាក់ ធ្វើសកម្មភាពចាប់ចងដៃចងជើងស្ត្រីធ្វើការក្នុងផ្ទះដូចគ្នា ហើយជិះលួចយកទៅបាត់ដោយសុវត្ថិភាព ខណៈម្ចាស់ផ្ទះរវល់ចេញទៅបរទេស។
ប្រភពព័ត៌មានពីមន្ត្រីកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានឱ្យដឹងថា កាលពីអាធ្រាត្រឆ្លងចូល ថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង១ និង៥នាទី នៅក្រុម២៨ ភូមិ៣ សង្កាត់១ ក្រុងព្រះសីហនុ មានករណីចោរកម្មចូលលួចរថយន្ត ១គ្រឿងម៉ាក TOYOTA FORTUNER ពណ៌ ស ផ្លាកលេខ ភ្នំពេញ 2BA -2718 សេរី ២០១៧។
ប្រភពដដែល បានបន្តថា ជនសង្ស័យដែលធ្វើសកម្មភាពលួចរថយន្តខាងលើនេះ ឈ្មោះ ឡាយ សុផុន អាយុ២៩ឆ្នាំ ជនជាតិខ្មែរ ជាកម្មករបម្រើការងារនៅក្នុងផ្ទះម្ចាស់រថយន្ត ដែលមានឈ្មោះ គឹម ហៀង អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ ជាមន្ត្រីយោធា រស់នៅក្រុម២៨ ភូមិ៣ សង្កាត់១ ក្រុងព្រះសីហនុ។ ជនល្មើសបានធ្វើសកម្មភាពពេលម្ចាស់ផ្ទះ ជាប់រវល់ចុះទៅប្រទេសវៀតណាម។
បើតាមរបាយការណ៍របស់សមត្ថកិច្ច បញ្ជាក់ថា ក្នុងថ្ងៃកើតហេតុការណ៍ មានស្ត្រីម្នាក់ឈ្មោះ ជា សៀរ អាយុ៥៥ឆ្នាំ ជនជាតិខ្មែរ ដែលជាកម្មករធ្វើការនៅក្នុងផ្ទះនេះដូចគ្នា ត្រូវជនល្មើសចងដៃ ជើង និងបិទមាត់នៅក្នុងផ្ទះ ហើយធ្វើសកម្មភាពរើកកាយ
សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តព្រះសីហនុ ឱ្យដឹងថា ចំពោះសំភារៈបាត់បង់រួមមាន ៖
១- ថយន្តមួយគ្រឿងម៉ាក TOYOTA FORTUNER ពណ៌ ស ផ្លាកលេខ ភ្នំពេញ 2BA-2718។
២- អាវុធខ្លីម៉ាកAZ លេខ2075 ចំនួន ១ដើម
៣- បាត់លុយដុល្លារអាមេរិក និងលុយខ្មែរមួយ
ចំនួន។
ករណីចោរកម្មលួចរថយន្តខាងលើនេះ ទាំងសមត្ថកិច្ចស្នងការនគរបាលខេត្តព្រះសីហនុ និងកងរាជអាវុធហត្ថខេត្ត នេះ កំពុងធ្វើការស្រាវជ្រាវបន្តស្វែងរកចាប់ខ្លួនជនល្មើស ដើម្បីបញ្ជូនទៅផ្តន្ទាទោសតាមច្បាប់៕