ភ្នំពេញ ៖ តបតាមការអញ្ជើញរបស់ការិយាល័យពិព័រណ៍អន្តរជាតិ (BIE) លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមសន្និបាតប្រចាំឆ្នាំលើកទី១៦៤ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២២-២៣ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅទីក្រុងប៉ារីស នៃប្រទេសបារាំង ដើម្បីតាម ដានវឌ្ឍនភាពការងារពិព័រណ៍អន្តរជាតិ និងពិព័រណ៍ពិភពលោក។
តាមសេចក្តីប្រកាសព័ត៌មានរបស់ BIE ថា សន្និបាតឆ្នាំនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាព លោក Vicente G. Loscertales ( វីសិនតេ ជី . ឡស់ស៊ើតលេស ) អគ្គលេខាធិការនៃការិយាល័យ BIE និងមានការចូលរួមពីប្រមុខរដ្ឋ រដ្ឋមន្ត្រី អនុរដ្ឋមន្ត្រី អង្គទូត និងមន្ត្រីជាន់ខ្ពស់ ដែលជាសមាជិក-សមាជិកា BIE តំណាងឱ្យប្រទេសចំនួន ១៧០ នៅក្នុងនោះ ក៏មានឯកឧត្តមអគ្គរាជទូតកម្ពុជា ប្រចាំនៅទីក្រុងប៉ារីស ផងដែរ។
សម្រាប់ថ្ងៃទី១ អង្គសន្និបាត នឹងធ្វើការពិនិត្យ និងពិភាក្សាទៅលើរបាយការណ៍ ប្រជុំរបស់គណៈ កម្មការទាំងបួន នៃការិយាល័យ BIE ព្រមទាំងវឌ្ឍនភាពនៃការរៀបចំពិព័រណ៍អន្តរជាតិនានា ជា ពិសេសពិព័រណ៍ “International Horticultural Exhibition 2019” នៅទីក្រុងប៉េកាំង និងពិព័រណ៍ ពិភពលោកឌុយបៃ ឆ្នាំ២០២០ ដែលកម្ពុជា បានកំពុងត្រៀមលក្ខណៈចូលរួមផងដែរ។
សម្រាប់ថ្ងៃទី២ អង្គសន្និបាត នឹងធ្វើការបោះឆ្នោតជ្រើសរើសប្រទេសសមាជិកណាមួយ ដើម្បីជា ម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ “ពិព័រណ៍ពិភពលោកឆ្នាំ២០២៥”ហើយនៅក្នុងថ្ងៃនោះ ឯកឧត្តមរដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ នឹងអញ្ជើញធ្វើជាតំណាងរាជរដ្ឋាភិបាលកម្ពុជា ដើម្បីចូលរួមចុចប៉ូតុងបោះឆ្នោត សម្រាប់ព្រឹត្តិការណ៍ដ៏សំខាន់នោះ។
តាមរយៈការចូលរួមសន្និបាតប្រចាំឆ្នាំBIE លើកទី១៦៤ គេរំពឹងថា កិច្ចសហប្រតិបត្តិការ និងទំនាក់ ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា ជាមួយប្រទេសជាសមាជិកទាំងអស់ នឹងត្រូវបានពង្រឹង និងពង្រីកឱ្យកាន់តែប្រសើរឡើងថែមទៀត នៅលើវិស័យអទិភាពសំខាន់ៗ រាប់ចាប់តាំងពីសេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍ ៕