ឃាត់ខ្លួន​អ្នកញៀន​ល្បែង​អាប៉ោង និង​ជល់​មាន់​១៥​នាក់ និង​ម៉ូតូ​១៤​គ្រឿង នៅ​ឃុំ​ខ្នុរ​ដំបង ស្រុក​ជើងព្រៃ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 24 November, 2018 ក+ ក-

 

​កំពង់ចាម ៖ លោក កៅ គឹម ឃ​ន នាយប៉ុស្តិ៍​ឃុំ​ខ្នុរ​ដំបង ស្រុក​ជើងព្រៃ ខេត្តកំពង់ចាម នៅ​មោង​១១ និង​៣០​នាទី ព្រឹក​ថ្ងៃទី​២៣ ខែ​១១​ឆ្នាំ​២០១៨ នេះ បាន​ដឹកនាំ​កម្លាំង​ប៉ុស្តិ៍​ចំនួន​៤​នាក់ ចុះបង្ក្រាប​ទីតាំង​ល្បែង​ជល់​មាន់​មួយកន្លែង និង​ឃាត់ខ្លួន​មនុស្ស​បាន​ចំនួន​១៥​នាក់ ម៉ូតូ​ចំនួន​១៤​គ្រឿង និង​សម្ភារៈ​មួយចំនួន នៅ​ចំណុច​ចម្ការ​ស្វាយចន្ទី ស្ថិតក្នុង​ភូមិ​រវៀង ឃុំ​ខ្នុរ​ដំបង ស្រុក​ជើងព្រៃ ខេត្តកំពង់ចាម​។​

​លោក កៅ គឹម ឃ​ន នាយប៉ុស្តិ៍​ឃុំ​ខ្នុរ​ដំបង ស្រុក​ជើងព្រៃ ខេត្តកំពង់ចាម បានបញ្ជាក់​ឲ្យ​ដឹងថា ក្រោយពី​ទទួលបាន​សេចក្តីរាយការណ៍​ថា នៅ​ចំណុច​ចម្ការ​ស្វាយចន្ទី​មួយកន្លែង ក្នុងភូមិ​រវៀង ឃុំ​ខ្នុរ​ដំបង ស្រុក​ជើងព្រៃ ជាប់​ព្រុំប្រទល់​ឃុំ​គោក​រវៀង និង​ឃុំ​ត្រ​នប់ ស្រុក​បាធាយ មាន​ករណី​បើក​ល្បែងអាប៉ោង និងភ្នាល់​បញ្ជល់មាន់​ទ្រង់ទ្រាយ​ធំ លោក​ក៏បាន​រៀបចំ​កម្លាំង​ចំនួន​៤​នាក់ ចុះទៅ​កាន់​ទីនោះ ដោយបាន បង្ក្រាប និង​ឃាត់ខ្លួន​អ្នកញៀន​ល្បែង​ជល់​មាន់បាន​ចំនួន​១៥​នាក់ ម៉ូតូ​ចំនួន​១៤​គ្រឿង និង​សម្ភារៈមួយចំនួន​។​

​នាយប៉ុស្តិ៍ ខ្នុរ​ដំបង លោក កៅ គឹម​ឃ​ន បាន​ប្រាប់​អ្នកយកព័ត៌មាន មេគង្គ​ប៉ុស្តិ៍ ថា ការចុះ​បង្ក្រាប ល្បែងស៊ីសង​ជល់​មាន់​១​កន្លែង​នេះ គឺមាន​ជូ​ប​បញ្ហា​ខ្លះៗ តែ​នេះ​ជា​បទបញ្ជា​របស់លោក​អធិការដ្ឋាន នគរបាល​ស្រុក​ជើង ក៏​ដូច​បទបញ្ជា​លោកស្នងការ​ខេត្តកំពង់ចាម​ផងដែរ​។ យ៉ាងណាក៏ដោយ លោកនាយ​ប៉ុស្តិ៍ កៅ គឹម​ឃ​ន មិនបាន​បញ្ជាក់​ពី​ការលំបាក​ស្មុគស្មាញ​ចំពោះ​ការចុះ​បង្ក្រាប​នោះ​ថា បណ្តាលមកពី​បញ្ហា​អ្វី​នោះទេ ដោយ​លោក​គ្រាន់តែ​លើកឡើងថា ទីតាំង​ល្បែង​បញ្ជល់មាន់​ខុសច្បាប់​នោះ ស្ថិតក្នុង​ភូមិ​រវៀង ឃុំ​ខ្នុរ​ដំបង ស្រុក​ជើងព្រៃ ដែលមាន​ភូមិសាស្ត្រ​ជាប់​គ្នា​នឹង​ឃុំ​គោក​រវៀង និង​ឃុំ​ត្រ​នប់ ស្រុក​បាធាយ ខេត្តកំពង់ចាម ។​

​លោកនាយ​ប៉ុស្តិ៍ ខ្នុរ​ដំបង បាន​បន្តថា ម៉ូតូ​ទាំង​១៤​គ្រឿង ត្រូវបាន​សមត្ថកិច្ច​នាំ​យកទៅ​រក្សារ​ទុក នៅ​អធិកា​ដ្ឋា​នន​គរ​ស្រុក​ជើងព្រៃ ជា​បណ្តោះអាសន្ន ចំណែក​អ្នកលេង​ល្បែង​ទាំង​១៥​នាក់​នោះ ត្រូវបានធ្វើ​ការអប់រំ និង​ធ្វើ​កិច្ចសន្យា​ឲ្យ​បញ្ឈប់​បង្កើត​ល្បែងស៊ីសង​បន្តទៀត ហើយ​ក្នុងករណី​មាន​ជា​លើក​ទី​ពីរ នោះ​សមត្ថកិច្ច​នឹងមិន​អនុគ្រោះ​ទៀតឡើយ និង​អាច​បញ្ជូន​សំណុំរឿង​ទៅ​ថ្នាក់លើ ដើម្បី​ចាត់វិធានការ​បន្តទៅ​តាម​ផ្លូវច្បាប់​។​

​នាយប៉ុស្តិ៍ ខ្នុរ​ដំបង លោក កៅ គឹម​ឃ​ន បាន​បន្ថែមថា នៅក្នុង​ថ្ងៃ​ដដែល​នេះ មនុស្ស​ដែល​បាន​ឃាត់ខ្លួន​ទាំង​១៥​នាក់​នោះ ត្រូវបាន​សមត្ថកិច្ច​អនុញ្ញាត​ឲ្យ​ត្រឡប់​ទៅ​លំនៅឋាន​វិញ​អស់ហើយ បន្ទាប់ពី​បាន​ចុះកិច្ចសន្យា​រួចរាល់​។​

​ជាមួយគ្នានេះដែរ​លោក កៅ គឹម​ឃ​ន ក៏បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ មេត្តា​ចូលរួម​សហការ​ជាមួយ​អាជ្ញាធរ និង​កម្លាំង​មាន​សមត្ថកិច្ច ដោយ​ធ្វើ​សេចក្តីរាយការណ៍​ជា​ចំហ ឬ​ដោយ​សម្ងាត់​ពាក់ព័ន្ធ​នឹង​បទល្មើស​នានា ដើម្បី​រួមចំណែក​អនុវត្តន៍​នូវ​គោលនយោបាយ​ភូមិ ឃុំ​មាន​សុវត្ថិភាព និង​ថែរក្សា​សន្តិសុខ​ក្នុង​មូលដ្ឋាន​ឲ្យ​បាន​ពេញលេញ ដែលជា​គោលដៅ​សំខាន់បំផុត​របស់​ប្រមុខ​រាជរដ្ឋាភិបាល​ក្នុងការ​អភិវឌ្ឍ​សង្គម​គ្រួសារ ក៏ដូចជា​សង្គមជាតិ​ទាំងមូល​ផងដែរ​៕ ដោយ ៖ សុផល​