ទូក«ង»វែងជាងគេប្រវែងជាង ៨៧ម៉ែត្រដែលផលិតឡើងដោយអ្នកជំនាញរបស់កម្ពុជា ហើយដែល បានចុះកំណត់ត្រាបំបែកឯតទគ្គកម្មពិភពលោក Guinness World Records កាលពីថ្ងៃទី១២ វិច្ឆិកា ឆ្នាំ២០១៨ ត្រូវបានបន្តដាក់តាំងបង្ហាញប្រជាពលរដ្ឋ និងភ្ញៀវអន្តរជាតិ ទស្សនាចាប់ពីថ្ងៃទី ២៤ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅលើកំណាត់វិថីសម្តេចសុធារស ខាងកើតវាលមេរុ សង្កាត់ ជ័យជំនះ ខណ្ឌដូនពេញ។
សូមជម្រាបថា ទូក ង នេះ មានប្រវែងបណ្តោយសរុប ៨៧,៣០ម៉ែត្រ ទទឹងធំបំផុតប្រវែង ១,៩៤ ម៉ែត្រ និងជម្រៅទូក ០,៨០ ម៉ែត្រ កម្រាស់ឈើសាច់ទូក ៧សង់ទីម៉ែត្រ មានចំណុះផ្ទុកបានចំនួន ១៧៩នាក់។ទូក ង នេះធ្វើពីឈើគគីរ ចំនួន៦ដើម ហើយក្បាលទូក ឆ្លាក់រូបក្បាលនាគ ឯកន្ទុយទូក ឆ្លាក់ជាកន្ទុយហង្ស។ ទូក ង នេះ បានប្រសិទ្ធនាមថា “កម្ពោជិកបុត្តាខេមរាតរី” ដែលមានន័យថា “ទូក ង របស់កូនខ្មែររស់នៅក្នុងដែនដីខ្មែរ”៕