ភ្នំពេញ ៖ ក្នុងអំឡុងថ្ងៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ រយៈពេល៣ថ្ងៃ (២១-២៣ ខែវិច្ឆិកា ឆ្នាំ២០១៨) មានភ្ញៀវទេសចរដែលចេញទៅកម្សាន្តនៅទូទាំងប្រទេសមានចំនួនជាង ៥,៤៣លាននាក់ ក្នុងនោះទេសចរអន្តរជាតិប្រមាណជាង៩ម៉ឺន ៥ពាន់នាក់។ នេះបើ តាម ឯ.ឧ. ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានថ្លែងបញ្ជាក់ឲ្យដឹងកាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៨។
ភ្ញៀវដែលដើរកម្សាន្តតាមរមណីយដ្ឋានទេសចរណ៍នានា ក្នុងបណ្តាខេត្តទូទាំងប្រទេស មានចំនួនសរុបប្រមាណជាង ៩២ម៉ឺន ៥ពាន់នាក់ កើនឡើងប្រមាណ១៥,៦% ចំណែកនៅរាជធានីភ្នំពេញមានចំនួន ៤,៥លាននាក់ កើនឡើងជិត៥០% បើប្រៀបធៀបនឹងឆ្នាំ២០១៧។
បើតាមរបាយការណ៍របស់គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ បានឱ្យដឹងថា ក្នុងចំណោម ភ្ញៀវប្រមាណ ៤,៥លាននាក់ដែលបានចូលមកទស្សនាព្រះរាជពិធីបុណ្យអុំទូកនៅរាជ ធានីភ្នំពេញ ក្នុងនោះមានភ្ញៀវទេសចរអន្តរជាតិប្រមាណជាង ១ម៉ឺន ២ពាន់នាក់៕