​កប៉ាល់​បណ្តែតប្រទីប​មួយគ្រឿង​បាន​ធ្លាយ​លិច​ចូលទៅក្នុង​ទឹកទន្លេ​ចតុមុខ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 26 November, 2018 ក+ ក-

​ភ្នំពេញ​៖ កប៉ាល់​បណ្តែតប្រទីប​មួយគ្រឿង​បាន​លិច​ចូលទៅក្នុង​ទឹកទន្លេ​ចតុមុខ ខណៈដែល​កម្មករ​កំពុង​តែ​ធ្វើ​រុះរើ ក្រោយពេល​ពិធីបុណ្យ​អុំទូក​ត្រូវបាន​បញ្ចប់​កន្លងផុត​៣​ថ្ងៃ ក្នុង​ហេតុការណ៍​នេះ​សំណាងល្អ​មិន​បណ្តាលអោយមាន​នរណា​ម្នាក់​រងរបួស​ទេ​។​

​ហេតុ​កាណ៍​នេះ មានការ​ភ្ញាក់ផ្អើល​នៅវេលា​ម៉ោង ១១​និង​១០​នាទី ព្រឹក​ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅលើ​ផ្ទៃ​ទឹកទន្លេ​ចតុម្មុខ​ត្រើយ​ខាងលិច ដែល​ស្ថិតក្នុង​សង្កាត់​ជ័យជំនះ ខណ្ឌដូនពេញ​។​

​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បានអោយដឹងថា កប៉ាល់​នេះ ទើបតែ​ធ្លាយ​លិច​ប្រមាណ​ជាង ១​ម៉ោង​មុនពេល​មានការ​ភ្ញាក់ផ្អើល ទើប​មាន​អ្នករាយការណ៍​ជូនទៅ​អាជ្ញាធរ​មក​ចុះ​ត្រួតពិនិត្យ​។ ប្រភព​ដដែល​បាន​បន្តទៀតថា មុនពេល​កើតហេតុ​មាន​កម្មករ​២​ទៅ​៣​កំពុងធ្វើការ​រុះរើ គ្រោង​ដែក​ប្រទីប ភ្លាមនោះ​ស្រាប់តែ​កប៉ាល់​ខាងលើ​ស្រុត​ចូលទៅក្នុង​ទឹក​ផ្នែក​ខាងក្រោយ ទើប​នាំគ្នា​ប្រញាប់ប្រញាល់​រត់ឡើង​លើគោក​តែម្តង​។​

​ប្រភពពី​អ្នកគ្រប់គ្រង​កប៉ាល់​ដែល​លិច​ខាងលើ​បានអោយដឹងថា កប៉ាល់​នេះ ជាកា​ប៉ាល់​បណ្តែតប្រទីប សំរាប់​ពិធីបុណ្យ​អុំទូក ដែល​ទើប​កន្លងផុតទៅ​ប៉ុន្មាន​ថ្ងៃនេះ ហើយ​ប្រទីប​នេះ តំណាងអោយ​ក្រសួងយុត្តិធម៌​។ ប្រភព​ដដែល​បាន​បន្ថែមទៀតថា មូលហេតុ​នៃ​ការ​លិច​នេះ សង្ស័យ​មកពី​កប៉ាល់​បាន​ចត​អែម​ច្រាំងទន្លេ​ពេក ហើយ​នៅពេលដែល​ទឹក​ស្រក អាច​នឹង​កល់​ជាមួយ​ដុំថ្ម ទើប​បណ្តាលអោយ​មានទឹក​ជ្រាបចូល​បន្តិច​ម្តងៗ រហូត​លិច​តែម្តង​។ ទោះយ៉ាងណា​កប៉ាល់​នេះ ត្រូវបាន​កម្មករ​យក​ខ្សែ​ចង​ជាប់​នឹង​បង្កាន់ដៃ​ច្រាំង មិនអោយ​លិចទៅ​បាត់ ឬ​អណ្តែត​តាម​ខ្សែទឹក​នោះទេ ហើយ​សម្ភារៈ​មានការ​ខូចខាត​និង​បាត់បង់​មួយចំនួន​។​

​ក្រោយពេល​ហេតុការណ៍​នេះ អាជ្ញាធរ​ដែនដី មាន​សមត្ថកិច្ច​បាន​ចុះមក​ត្រួតពិនិត្យ​ផងដែរ និង​បាន​សហការ​ជាមួយ​ក្រុម​ជំនាញ​ដើ​ម្ប​អូស​យក​កប៉ាល់ នេះ​ឡើង​លើគោក (​ឡើង​អ៊ូ​)​ដើម្បី​ធ្វើការ​ជុស​ជួល​ឡើងវិញ​៕