ភ្នំពេញ ៖ សាលារាជធានីភ្នំពេញ បានស្នើឲ្យបងប្អូនប្រជាពលរដ្ឋបញ្ឈប់ជាបន្ទាន់ នូវការប្រើប្រាស់ ម៉ាស៊ីន ថតរូប និងថតវីដេអូដែលបំពាក់នៅលើយន្តហោះបញ្ជា (Drone) ដោយបានបង្ហោះជាល្បែងកំសាន្ត ពុំមានការអនុញ្ញាតត្រឹមត្រូវ។
ក្នុងសេចក្តីអំពាវនាវ បានបញ្ជាក់ពីគោលបំណងដើម្បីរក្សាបាននូវសន្តិសុខ សុវត្ថិភាព ក្នុងរាជធានីភ្នំពេញ ពិសេសបញ្ចៀសឲ្យបាននូវគ្រោះថ្នាក់ជាយថាហេតុនៅលើផ្លូវហោះហើរនានារបស់យន្ត ហោះ ពិសេសនៅជុំវិបរិវេណព្រលានយន្តហោះអន្តរជាតិភ្នំពេញ។
សេចក្តីជូនដំណឹងដដែល ក៏បានជំរុញឲ្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាការដ្ឋានកង រាជអាវុធហត្ថរាជធានីភ្នំពេញ និងគណៈបញ្ជាការឯកភាពរដ្ឋបាល ខណ្ឌទាំង១២ ត្រូវចាត់វិធានការឲ្យបានម៉ឺងម៉ាត់ ដោយពុំត្រូវអោយមានការ បង្ហោះម៉ាស៊ីនថតរូបនិងវីដេអូបំពាក់លើយន្តហោះបញ្ជា(Drone) ក្នុងរាជធានីភ្នំពេញជាដាច់ខាត៕