ភ្នំពេញ ៖ លោក ដេនីស ឡូរ៉ង់ (Denis Laurent) អនុប្រធានមន្ទីរពេទ្យគន្ធបុប្ផា បានបញ្ជាក់ឲ្យ ដឹងថា អដ្ឋិធាតុលោកវេជ្ជបណ្ឌិត Beat Richner អតីតស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផា នឹងត្រូវដឹកតាមយន្តហោះ ពីប្រទេសស្វីស មកកាន់ខេត្តសៀមរាប នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៨ ខាងមុខនេះ ដើម្បីយកមកតម្កល់ក្នុងចេតិយមួយនៅខាងមុខមន្ទីរពេទ្យគន្ធបុប្ផា ខេត្តសៀមរាប។
លោក ដេនីស ឡូរ៉ង់ បានបន្តថា នៅថ្ងៃទី ៦ ខែធ្នូ ព្រះករុណាសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហា ក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ទ្រង់បានសព្វព្រះរាជហឫទ័យ នឹងយាងប្រោសព្រះរាជ ទាន ធូបទាន និងកម្រងផ្កា នាចេតិយតម្កល់អដ្ឋិធាតុលោកវេជ្ជបណ្ឌិត Beat Richner ដោយមានការនិមន្តព្រះសង្ឃជិត ៧០០អង្គ ដើម្បីប្រារព្ធពិធីបង្សុកូលតាម ទំនៀម ទម្លាប់ព្រះពុទ្ធសាសនាផងដែរ៕