ភ្នំពេញ ៖ បុរសម្នាក់មានអាវុធខ្លីនៅជាប់តាមខ្លួន ចូលកន្លែងផឹកស៊ីដកបញ្ចេញមកសំញ៉ែងបង្អួត គ្រាន់តែក្រឡេកឃើញសមត្ថកិច្ច បែរជាស្ទុះងើបបើកម៉ូតូរត់ទៅវិញ ធ្វើឲ្យសមត្ថកិច្ចកាន់តែសង្ស័យ ក៏បញ្ជាកម្លាំងដេញតាមបំណងឃាត់សាកសួរ តែត្រូវបានជនខាងលើបាញ់មកលើកម្លាំងសមត្ថកិច្ចទៅវិញ ធ្វើឲ្យសមត្ថកិច្ចប្រកាសបន្ថែមកម្លាំងដេញតាម តាំងពីសង្កាត់ព្រៃស ខណ្ឌដង្កោ រហូតដល់ ភូមិដីថ្មី សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ សមត្ថកិច្ចសម្រេចតបតវិញ បណ្តាលឲ្យត្រូវចំជើងម្នាក់ទើបដួលចាប់ខ្លួនបាន ចំណែកបក្ខពួកម្នាក់ទៀតរត់គេចខ្លួនបាត់ បង្កឲ្យភ្ញាក់ផ្អើល កាលពីវេលាម៉ោង៣រសៀល ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៨ ។
តាមសមត្ថកិច្ចបានឲ្យដឹងថា ករណីខាងលើនេះ បានឲ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យមានគ្នា២នាក់កំពុងផឹកស៊ីនៅសង្កាត់ព្រៃស ខណ្ឌដង្កោ ហើយពួកគេបានដកកាំភ្លើងម៉ាក ឡុក សំញ៉ែង បង្អួតដល់អ្នកដទៃ ស្របពេលនោះក៏មានកម្លាំងសមត្ថកិច្ចឃើញ បែជានាំគ្នាជិះម៉ូតូម្នាក់មួយគ្រឿងចេញពីកន្លែងផឹកស៊ី រត់គេច កាន់តែសង្ស័យ កម្លាំងសមត្ថកិច្ចខណ្ឌដង្កោដេញតាម និងមានកិច្ច សហការជាមួយកម្លាំងសមត្ថកិច្ចប៉ុស្ដិ៍ស្ទឹងមានជ័យ៣ផង ដេញតាមពីក្រោយ ខណះមកដល់ផ្លូវទាល់ម្ដុំផ្សារដីថ្មី ក្នុងសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ជនសង្ស័យក៏ដកកាំភ្លើងបាញ់មកលើសមត្ថកិច្ចចំនួន៤គ្រាប់ ហើយត្រូវសមត្ថកិច្ចបាញ់តបតវិញមួយគ្រាប់ ចំជើងម្ខាង បណ្ដាលឲ្យដេកដួលលើម៉ូតូ ហើយសមត្ថកិច្ចបានចាប់វ៉ៃខ្នោះ និងដកហូតកាំភ្លើងខ្លីម៉ាកឡុកមួយដើម ចំណែកបក្ខពួកម្នាក់ទៀតរត់គេចខ្លួនបាត់ ។
ក្រោយកើតហេតុ សមត្ថកិច្ចនគរបាលខណ្ឌដង្កោ បានដឹកបញ្ចូនជនសង្ស័យដែលរបួសជើងទៅកាន់មន្ទីរពេទ្យ រង់ចាំធ្វើសាកសួរបន្តនៅពេលក្រោយ ៕